ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ១៣ កែងផ្លូវ១០៦ ភូមិ៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។
ជនសង្ស័យឈ្មោះ វែង វេវ ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ៨៦ ម្តុំវិហារឥស្លាមបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IH-9682, ទូរស័ព្ទ ១គ្រឿង។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ទូរស័ព្ទដៃជូនជនរងគ្រោះតាមការស្នើសុំ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគឺកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំ នៅថ្ងៃទី២៣ ខែមេសាម្សិលមិញនេះ បានជិះល្បាតក្នុងមូលដ្ឋាន ដេីម្បីទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ នឹងបទល្មេីសផ្សេងៗទៀតដែលអាចកើតមានឡើងជាយថាហេតុ លុះមកដល់ចំណុចខាងលើ ក៏ប្រទះឃេីញករណីឆក់ទូរស័ព្ទដៃ ភ្លាមនោះបានចេញអន្ដគមន៍ដេញតាមចាប់ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ អរុណរះ