ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តតាកែវ ចេញសេចក្តីបំភ្លឺព័ត៌មាន ឆ្លើយតបនឹងការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន លើបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ហង្ស សំណាង Hang Samnang

ចែករំលែក៖

ខេត្តតាកែវ ៖ រដ្ឋបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណជនជ្រាបថា៖

សេចក្តីបំភ្លឺព័ត៌មាន

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ មានការផ្សព្វផ្សាយដោយគ្មានមូលដ្ឋានលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ហង្ស សំណាង Hang Samnang ដោយដាក់ចំណងជើងថា កែវតាបងអើយ(ចប់ហើយ) ដោយ ការផ្សាយនេះគឺពាក់ព័ន្ធនឹងការថែទាំកូនឈើដែលដាំនៅទ្រូងផ្លូវតាមបណ្តោយផ្លូវជាតិលេខ៣ ព្រមទាំងមានការសម្តែង ក្លែងបន្លំជាមន្ត្រីរាជការនៅក្នុងរដ្ឋបាលខេត្តតាកែវដោយសម្តែងនូវអកប្បកិរិយា និងពាក្យសំដីមិនសមរម្យ ដែលធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ និងមន្ត្រីរាជការនៅក្នុងខេត្ត។ រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនថាទីតាំងដែលគណនីខាងលើនេះគឺស្ថិតនៅចន្លោះ គ.ម ៤៨-៤៩ នៃ ភូមិសាស្ត្រឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមិនស្ថិតក្នុងដែនសមត្ថកិច្ចថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវឡើយ។ ជាក់ស្តែង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ គ្រប់គ្រង និងថែទាំកំណាត់ផ្លូវជាតិលេខ៣ ប្រវែង ៣០គីឡូម៉ែត្រ ចាប់ពីគ.ម ៦៦+០០០ (ខាងត្បូងស្ពានស្លាគូរ) ដល់ គ.ម ៩៦+០០០ (នរាយណ៍ ព្រំប្រទល់ខេត្តតាកែវ-ខេត្តកំពត) ហើយបាននឹងកំពុងយកចិត្តទុកដាក់ថែទាំ និងស្រោចទឹកជាប្រចាំ។ ដោយឡែកបុគ្គលដែលអះអាងនៅក្នុងវីដេអូថាខ្លួនជាមន្ត្រីថ្នាក់ដឹកនាំនៅក្នុងរដ្ឋបាលខេត្តនោះពុំមែនជាការពិតឡើយ ហើយរដ្ឋបាល ខេត្តនឹងសិក្សាទៅលើទិដ្ឋភាពច្បាប់ចំពោះសកម្មភាព និងពាក្យសំដីរបស់បុគ្គលខាងលើនេះ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖