ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរស្ដីពី ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ «រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារធ្វើ»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរស្ដីពី ការរៀបចំទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ «រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារធ្វើ»។

រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និង ធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវេត (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះទី១ មនុស្ស ដោយបានផ្តោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធន មនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រតិដ្ឋ និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅ – ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធី-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួនប្រមាណ១,៥លាននាក់ ដែលមានចក្ខុវិស័យច្បាស់លាស់និងមុតស្រួចក្នុង «ការផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ដល់យុវជនមកពីគ្រួសារ ក្រីក្រនិងគ្រួសារងាយរងហានិភ័យ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈមួយ ដើម្បីទទួលបានឱកាសការងារ និង/ឬបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ដោយឆ្លើយតបបានតាមតម្រូវការទីផ្សារប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន»។ ចំពោះមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងអនុវត្ត ដោយកំណត់យកវិស័យអាទិភាពចំនួន១០វិស័យ ស្មើនឹង៣៨មុខជំនាញ ក្នុងជំហានទី១ ត្រូវអនុវត្តដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញដូនតាចំនួន១០មុខជំនាញ ត្រូវអនុវត្តដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីឱ្យការៈរៀបចំទិវាជាតិនេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖

១- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងប្រទេស។

២- ក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយគ្រប់មធ្យោបាយនានា ដើម្បី អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ តាមអង្គភាព រៀងៗខ្លួន។

៣- រដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមសហការនិងគាំទ្រដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤នេះ ឱ្យកាន់តែ ផុលផុសនិងតាមគ្រប់មធ្យោបាយ ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់ ការចងបជាពាក្យស្លោក នៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។

៤- រដ្ឋបាលខេត្តនីមួយៗត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និង គ្រឹះស្ថាននានាផងដែរ។

៥- ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត ឱ្យធ្វើការផ្សព្វផ្សាយសារាចរ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វីដេអូនិងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ។

៦- ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្តត្រូវរៀបចំចងបដាពាក្យស្លោក នៅតាម អង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម៖

អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤!

TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ!

សម្តេចធិបតី ផ្តល់ឱកាសថ្មីលើវិថី TVET!

សម្តេចធិបតី ជាក្តីសង្ឃឹមរបស់យុវជនគ្រប់រូប!

សម្តេចធិបតី តម្រង់ទិសយុវជនឱ្យរៀនជំនាញមានទីផ្សារការងារល្អ!

TVET ជាស្ពានចម្លងយុវជនឱ្យឆាប់ទទួលបានការងារសមរម្យ!

TVET ដើម្បីនិរន្តរភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ! TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់!

TVET ជំនាញពិត ជីវិតប្រសើរ!

ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត! ស្ត្រីនិងជនជាតិដើមភាគតិចក៏រៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបានដែរ!

ឆ្លៀតក្នុងឱកាសនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដូចខាងក្រោម៖ ១- ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមសហការគាំទ្រនិងអនុវត្ត កម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ ដោយធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះកាន់តែច្រើនឡើង។

២- គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំងអស់ត្រូវជំរុញគ្រូបច្ចេកទេសឱ្យបង្កើន ការស្រាវជ្រាវនិងកិច្ចសហការជាមួយសហគ្រាស គ្រឹះស្ថាន វិស័យឧស្សាហកម្ម ដើម្បីទទួលបាននូវ ចំណេះដឹងថ្មីៗទាក់ទងនឹងបច្ចេកវិទ្យាចុងក្រោយ ដែលជាតម្រូវការទីផ្សារការងារជាក់ស្តែង ហើយ ធ្វើការផ្ទេរចំណេះដឹងទាំងនោះ តាមវិធីសាស្ត្របង្រៀនថ្មីៗ ប្រកបដោយប្រសិទ្ធភាព ក្នុងការជួយ បង្ហាត់បង្រៀនដល់សិស្ស និស្សិតឱ្យងាយយល់ ស្រួលចាំ ឆាប់ចេះ និងអាចអនុវត្តបានប្រកបដោយ គុណភាពខ្ពស់។

៣- សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ផ្តល់ឱកាសដល់សិស្ស និស្សិតបានចុះអនុវត្តកម្មវិធីហាត់ការនិងកម្មសិក្សា ដោយផ្សារភ្ជាប់ ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ក្នុងន័យលើកកម្ពស់ការអភិវឌ្ឍជំនាញ ដើម្បីមានឱកាសជ្រើសរើស សិស្ស និស្សិត ដែលកំពុងហាត់ការឬអនុវត្តកម្មសិក្សាដែលយល់អំពីការងារស្រាប់មកធ្វើជាបុគ្គលិក របស់ខ្លួន។

៤- អាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា ចូលរួមជំរុញកូនឬយុវជនឱ្យមកចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស និងលើកទឹកចិត្តពួកគាត់ឱ្យសិក្សាកម្មវិធីនេះ ឱ្យបានចប់សព្វគ្រប់ស្របតាមអភិក្រមរបស់ សម្តេចធិបតី – រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ។

៥- លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត អាណាព្យាបាល មាតាបិតា កម្មករនិយោជិត និយោជក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ សូមចូលរួមនិងផ្សព្វផ្សាយ ទិវាជាតិនេះឱ្យបានផុលផុស ឱឡារិក និងអធិកអធមទូទាំងប្រទេស។

ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយនិងអនុវត្តឱ្យមាន ប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖