ព័ត៌មានទាន់ហេតុការណ៍៖

បណ្តឹងចំនួន៧បានប្តឹងជំទាស់ទៅលើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី-ខេត្ត-ក្រុង,ស្រុក-ខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គណៈកម្មការ​​ខេត្ត​រៀបចំការបោះឆ្នោតមួយចំនួនបានទទួលបណ្តឹងចំនួន៧ ដែលបានប្តឹង​ជំទាស់​ទៅ​លើ​ការ​បិទ​ផ្សាយ​បញ្ជីបោះឆ្នោតដំបូង នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ អាណត្តិទី៤។

លោកហង្ស ពុទ្ធា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៤បាន ឲ្យដឹងថា ដំណើរការឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ សល់តែជិត១ខែទៀតប៉ុណ្ណោះ។ គណៈ​កម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ ចាប់ផ្តើមការទទួលពាក្យបណ្តឹងតវ៉ា និងបណ្តឹង​ជំទាស់​ទៅ​លើ​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូងជាបន្តបន្ទាប់។

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា មកដល់ពេលនេះ មានគណៈកម្មការ​ខេត្តរៀបចំ​ការ​បោះឆ្នោត​ចំនួន​៤ រួមមាន ខេត្តកំពត,ស្វាយរៀង,តាកែវនិងពោធិ៍សាត់ទទួលបាន បណ្តឹងចំនួន៧ និង​បាន​ប្តឹង​ជំទាស់ទៅលើការស្នើ សុំលុបឈ្មោះអ្នកទទួលមរណភាព និងការ​ស្នើ​សុំ​លាលែង​ពី​សាម៉ី​ខ្លួន​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ។

លោកអ្នកនាំពាក្យអះអាងថា ទោះបីមានពាក្យបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ក្តី ក៏មិន​អាច​ប៉ះ​ពាល់​ដល់​ការ​ប្រកាសបញ្ជីបោះឆ្នោតផ្លូវការនោះទេ ដោយសារ គ.ជ.ប នឹងអនុវត្តឱ្យបាន​ត្រឹម​ត្រូវ​ទៅ​តាម​នីតិវិធី និងការកំណត់ដោយច្បាប់ សម្រាប់យក​ទៅ​ប្រើ​ប្រាស់​ក្នុង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនាពេលខាងមុខ។

អ្នកនាំពាក្យរូបនេះ បន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង អង្គបោះឆ្នោតមានសិទ្ធិប្តឹងតវ៉ា ឬ​ជំទាស់ ក្នុងរយះពេល៨ថ្ងៃ ចាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺចាប់ពីថ្ងៃទី២០ ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងករណីការប្តឹងតវ៉ា ឬជំទាស់មិនអាចទទួលយកបាន អង្គ​បោះឆ្នោត​មាន​សិទ្ធិប្តឹងបន្តមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គួរបញ្ជាក់ថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យ​ចូល​រួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ឆ្នាំ​២០២៤ ក្នុងនោះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្ស​ហ្វ៊ុនស៊ីនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ដោយការបោះឆ្នោត​នេះ​នឹ​ង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០២៤៕

ដោយ៖ សូរិយា


ចែករំលែក៖