ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកលឿនបុករុឺម៉កពីក្រោយ រុញរុឺម៉កទៅបុករថយន្តរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តព្រូសបើកលឿនជ្រុលទៅបុករុឺម៉កពីក្រោយ រុញទៅបុក រថយន្តមួយគ្រឿងទៀតដែលកំពុងចតចោល រងការខូចខាតទាំងស្រុង ។ 

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៥០នាទីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីអ្នកដំណើរបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-4802 បើកក្នុងទិសដៅស្របគ្នាជាមួយរុឺម៉កសណ្តោងដឹកសម្ភារសម្រាប់ដំឡើងកញ្ចក់ ខណៈនោះរថយន្តបានជ្រុលល្បឿនទៅបុករុឺម៉ក់ពីក្រោយ ធ្វើអោយរុឺម៉កបន្តទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងចតចោលនៅលើចិញ្ចើមផ្លូវ ។ រថយន្តរងគ្រោះម៉ាកហាយឡេនឌើរ ឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3392 បណ្តាលអោយ រថយន្តហាយឡេនឌើររងការខូចខាតទា្វរផ្នែកខាងក្រោយអស់មួយចំហៀងទាំងស្រុង ប៉ុន្តែមិនបង្កអោយនរណាម្នាក់ រងរបួសនោះឡើយ ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់រួចបន្តទាក់ទងទៅមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីមកធ្វើកំណត់ហេតុនិងវាស់វែង រួចស្ទូចយករថយន្តទាំង០២គ្រឿងរួមនឹងរុឺម៉កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖