សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសថៃបានចេញសារព្រមានថ្មីទៀត ស្តីអំពីអាកាសធាតុឡើងក្តៅខ្លាំង ស្របពេលដែលរដ្ឋាភិបាលថៃបានកត់ត្រាឃើញថា មនុស្សយ៉ាងហោច ណាស់៣០នាក់ហើយបានបាត់បង់ជីវិតដោយសារតែកម្តៅក្តៅខ្លាំងនៅក្នុងឆ្នាំនេះ។
អាជ្ញាធរនៃរដ្ឋបាលទីក្រុងបាងកក បានចេញការព្រមានអំពីកម្តៅអាកាសធាតុក្តៅខ្លាំងនេះ ស្របពេលដែលសន្ទស្សន៍កម្តៅត្រូវបានរំពឹងថា នឹងកើនលើស៥២អង្សាសេ ខណៈដែលសីតុណ្ហភាពនៅក្នុងរាជធានីនៃប្រទេសថៃបានស្ថិតក្នុងកម្រិត៤០.១អង្សាសេ កាលពីថ្ងៃទី២៤ខែមេសានេះ ហើយកម្រិតប្រហាក់ប្រហែលគ្នាត្រូវបានព្យាករសម្រាប់ថ្ងៃព្រហស្បតិ៍នេះទី២៤ខែមេសា។ សន្ទស្សន៍កម្តៅ គឺជាការវាស់ស្ទង់សីតុណ្ហភាព ដោយគិតបញ្ចូលទាំងភាពសំណើម ល្បឿនខ្យល់ និងកត្តាមួយចំនួនផ្សេងទៀត ដោយមន្ទីរបរិស្ថានរបស់ទីក្រុងបាងកកបានព្រមានថា វាកំពុងស្ថិតក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង។ បើតាមការឱ្យដឹងពីក្រសួងសុខាភិបាលថៃ កាលពីយប់ថ្ងៃពុធ មនុស្សសរុបយ៉ាងហោច៣០នាក់ហើយបានស្លាប់ដោយសារអាការៈ heatstroke ដែលជាការសន្លប់ក្រោយខ្លួនប្រាណយើងគ្រប់គ្រងសីតុណ្ហភាពលែងបាន ព្រោះក្តៅខ្លាំងពេក កាលពីចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ធៀបនឹងពេញមួយឆ្នាំ២០២៣ ដែលមានអ្នកស្លាប់ត្រឹម៣៧នាក់។
ខែមេសា ជាទូទៅគឺជាពេលដែលមានអាកាសធាតុក្តៅជាងគេប្រចាំឆ្នាំ មិនថានៅប្រទេសថៃឬក៏ប្រទេសដទៃទៀតនៅក្នុងតំបន់អាស៉ីអាគ្នេយ៍នោះទេ។ យ៉ាងណាមិញ ស្ថានភាពសីតុណ្ហភាពនៅក្នុងឆ្នាំនេះ គឺបានទទួលរងឥទ្ធិពលខ្លាំង ដោយសារ
បាតុភូតធាតុអាកាស El Nino។ កាលពីឆ្នាំ២០២៣ គេសង្កេតឃើញមានការកើនឡើងកម្តៅក្នុងកម្រិតបំបែកកំណត់ត្រានៅទូទាំងសកលលោក ដោយទីភ្នាក់ងារឧតុនិយមនិងអាកាសធាតុអង្គការសហប្រជាជាតិបាននិយាយថា តំបន់អាស៉ីកំពុងកើនឡើងកម្តៅ យ៉ាងឆាប់រហ័សជាពិសេស៕ ដោយ៖ ធីរីណា
រូបថត៖ AFP