ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត វេលាម៉ោង ១១ព្រឹក បន្ទាប់ពីបានអញ្ជើញជាអធិបតិ និងបានបរិច្ចាគឈាមផ្ទាល់ខ្លួន ក្នុងពិធីបរិច្ចាគឈាមលើកទី១០ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល សាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត។

ឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរ គុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកផ្តល់សេវាសុខាភិបាល ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវរៀបចំកិច្ចប្រជុំពិភាក្សាជាប្រចាំ ជាមួយក្រុមគ្រូពេទ្យឯកទេស ឬក្រុមគ្រូពេទ្យពាក់ព័ន្ធ ក្នុងការស្វែងរករោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ព្រមទាំងបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់បន្ថែមទៀត ស្របតាមការរីកចម្រើនវិស័យសុខាភិបាលលើសកលលោក។

ជាចុងក្រោយលោកស្រ្តាចារ្យរដ្ឋមន្រ្តី សូមប្រសិទ្ធពរបវរសួស្តី សិរីមង្គលមហាប្រសើរគ្រប់ប្រការ ជូនពរ ថ្នាក់ដឹក នាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ព្រម ទាំងបងប្អូនក្រុមគ្រួសារ ញាតិមិត្ដអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖