ខេត្តក្រចេះ ៖ សាខាមូលនិធិជនពិការខេត្តក្រចេះ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនជនមានពិការភាពកាយសម្បទា ទាំងអស់ឱ្យបានជ្រាបថា មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ បានផ្លាស់ទីតាំងពីក្នុងមន្ទីរពេទ្យ បង្អែកខេត្តក្រចេះ មកកាន់ទីតាំងថ្មីនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជាប់នឹងសាលាបឋមសិក្សាកាប៉ូ និងអនុវិទ្យាល័យកាប៉ូ ដោយធ្វើដំណើរពីរង្វង់មូលខ្លាស្ទុះឆ្ពោះទៅស្រុកស្នួល ប្រហែល២គីឡូម៉ែត្រនៅខាងឆ្វេងដៃ ដែលជាផ្លូវចូលសាលាបឋមសិក្សាកាប៉ូ និងអនុវិទ្យាល័យកាប៉ូប្រវែង៣០០ម៉ែត្រ។ ដោយកំឡុងពេលនៃការរៀបចំកន្លែង មណ្ឌលស្តារនៅបន្តធ្វើការផ្តល់សេវាស្ដារ ជូនបងប្អូនជនមានពិការភាពដដែល ប៉ុន្តែសូមផ្អាកជាបណ្តោះអាសន្ន ចំពោះការផ្តល់សេវា ការផលិតជើងសិប្បនិម្មិតថ្មី និង រណបថ្មី ក្នុងករណីចាំបាច់ប្រើប្រាស់ជើងសិប្បនិម្មិត និងរណបថ្មី របស់បងប្អូនជនមានពិការភាព មណ្ឌលស្តារនិងធ្វើការសម្របសម្រួលបញ្ជូនទៅទទួលសេវាស្តារ នៅមណ្ឌលស្ដារខេត្ត កំពង់ចាម ឬមណ្ឌលស្តារនៅភ្នំពេញ។ ចំណែកសេវាផ្សេងៗទៀតមណ្ឌលស្តារនៅតែបន្តផ្តល់សេវាស្ដារជូនបងប្អូន ជនមានពិការភាពដូចធម្មតាដដែល ដូចជា សេវានៃការព្យាបាលដោយចលនា ការផ្តល់ការជួសជុលជើងសិប្បនិម្មិត រណប រទេះ និងការផ្តល់ឧបករណ៍ជំនួយរាងកាយផ្សេងៗ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០១៧ ៣០៧ ០៧៧/០៩៧ ២៦២ ៦៧៤៤/០៩៧ ២១៤ ៦៤៤៦ ។អាស្រ័យហេតុនេះ សូមបងប្អូនជនមានពិការភាពកាយសម្បទាទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា