ព័ត៌មានទាន់ហេតុការណ៍៖

ភាពញញឹមរបស់ ប្រជាកសិករស្រុកកំពង់លែង គឺជាក្តីបំណងរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ខណៈស្រូវឡើងថ្លៃ !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករស្រុកកំពង់លែង ថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្ត ដែលបានធ្វើឲ្យតម្លៃស្រូវប្រាំងឆ្នាំនេះ មានតម្លៃខ្ពស់ជាងឆ្នាំមុន អាចធ្វើឱ្យពួកគាត់ទទួលបានចំណូល ដើម្បីដោះស្រាយក្នុងជីវភាពគ្រួសារច្រើនជាងមុនមួយកំរិត។

សូមបញ្ជាក់ថា ៖  ប្រជាកសិករក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កំពុងមមាញឹកប្រមូលផលស្រូវប្រាំង ប្រកបទៅដោយទឹកចិត្តសប្បាយរីករាយដោយសារតែតម្លៃស្រូវប្រាំងរបស់ពួកគាត់ឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន។ កន្លែងអាជ្ញាធរថ្នាក់ដឹកនាំខេត្ត ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏សាទរចំពោះសមិទ្ធផលដែលប្រជាពលរដ្ឋ ខិតខំដាំដុះ ធ្វើស្រែ ទទួលបានផល ដល់ពួកគាត់ដ៏ខ្ពស់ប្រសើរ។

លោក ផង់ មឹប ប្រជាកសិកររស់នៅក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង បានប្រាប់ឲ្យដឹងថា ឆ្នាំនេះគ្រួសារគាត់បានធ្វើស្រែប្រាំងដែលមានផ្ទៃដីទំហំជាង៥ហិកតា ជាដីតំបន់៣របស់រដ្ឋ ដែលត្រូវរាជរដ្ឋាភិបាន អនុញ្ញាតឲ្យធ្វើមួយរដូវគឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ និងត្រូវប្រគល់ជូនរដ្ឋវិញ។ ដោយឡែកដីស្រែដែលគ្រួសារគាត់បានអាស្រ័យផលខាងលើនេះ គឺដីស្រែខ្លះត្រូវជួលគេ និងដីស្រែខ្លះទៀត គ្រួសាររបស់គាត់ធ្លាប់អាស្រ័យផលពីមុនមក ដីស្រែទាំងអស់នេះផងដែរនៅពេលប្រមូលផលរួច គ្រួសារគាត់និងប្រគល់ជូនរដ្ឋវិញតាមកិច្ចសន្យា។

លោកបានឲ្យដឹងទៀតថា ចំណែកស្រូវប្រាំងឆ្នាំនេះ គឺទទួលបានទិន្នផលល្អ ដោយក្នុងមហិកតាបាន៦តោន រីឯតម្លៃស្រូវក៏បានថ្លៃជាងឆ្នាំមុនស្រូវអ៊ីអ៊ែ (ណាំ បូងគ្រាប់រឹង) ក្នុងថ្ងៃនេះគឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានតម្លៃមួយគីឡូក្រាម១,២៥០រៀល បើប្រៀបធៀបទៅឆ្នាំមុន១គីឡូក្រាមបានតម្លៃត្រឹមតែ៩៥០រៀលប៉ុណ្ណោះ។ ស្រូវប្រភេទ (៥១-៥៤គ្រាប់ទន់) តម្លៃថ្ងៃនេះបានតម្លៃ ១,២០០រៀល បើប្រៀបធៀបទៅឆ្នាំ មុនបានតម្លៃត្រឹមតែ៩៥០រៀលផងដែរ។

ប្រជាកសិករក្នុងស្រុកកំពង់លែងទាំងអស់ សូមថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្ត និងមន្ទីរកសិកម្មខេត្ត ដែលបានរក្សាតម្លៃស្រូវជូនប្រជាកសិករឲ្យទទួលបានតម្លៃខ្ពស់ បើទោះជាឆ្នាំនេះប្រជាកសិករអ្នកធ្វើស្រែ ប្រាំងទាំងអស់ ត្រូវចំណាយច្រើនទៅលើប្រេង ក្នុងការបូមទឹកស្រោចស្រពស្រូវ ដោយសារតែឆ្នាំ នេះមានការខ្វះខាតទឹកនៅគ្រប់ទីកន្លែង តែប្រជាកសិករក៏នៅតែទទួលបានប្រាក់កម្រៃច្រើន ក្រោយពីរទូទាត់ថ្លៃចំណាយរួចរាល់ទៅ។

ជុំវិញករណីនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មានថា ៖ តម្លៃស្រូវនៅក្នុងសប្តាហ៍នេះគឺស្រូវក្រអូប (ស្ងួត) តម្លៃ ១,៦០០រៀលក្នុងមួយគីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ចំនួន២០០រៀល ក្នុងមួយគីឡូក្រាម។

ស្រូវចម្រុះ(ស្ងួត)ជា មធ្យមតម្លៃ១, ៤០០រៀលក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ចំនួ ន ១,២០០រៀល ក្នុងមួយគីឡូក្រាម។ស្រូវប្រភេទ OM (សើម)ជាមធ្យមតម្លៃ១,១០០រៀលក្នុងមួយគី ឡូក្រាមខ្ពស់ជាងឆ្នាំ២០២៣ចំនួន៥០រៀលក្នុងមួយគីឡូក្រាម។

សូមបញ្ជាក់ផងដែរថា ៖ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានខិតខំ បង្កើតសហគមន៍កសិករ ដើម្បីជំរុញឲ្យមន្ត្រីជំនាញ ចុះតាមមូលដ្ឋានជួយណែនាំដល់ប្រជាកសិករក្នុងការដាំដុះដំណាំផ្សេងៗ យ៉ាងហោចណាស់ក៏ក្នុងមួយឃុំ មានមន្ត្រីកសិកម្មចំនួន ១នាក់។ នេះបើតាមការលើកឡើងរបស់លោកឃឹមហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ លោកបានបញ្ជាក់ថា , បច្ចុប្បន្នមានមន្ត្រីកសិកម្មក្នុងឃុំ ប្រមាណជិត ៣០០ នាក់ហើយ ចាំបាច់ក្រសួងកសិកម្ម ត្រូវតែជ្រើសរើសមន្ត្រីបន្តទៀត ឱ្យគ្រប់ឃុំ ទូទាំងប្រទេសប្រមាណជាង1000 ឃុំនោះ ។

ភាពញញឹមរបស់បងប្អូនប្រជាពលរដ្ឋ ដែលបង្ករបង្កើនផលដំណាំ មានទីផ្សារ មានតម្លៃខ្ពស់ជាងសព្វមួយដង មិនត្រឹមតែប្រជាពលរដ្ឋត្រេកអរប៉ុណ្ណោះទេ សូម្បីតែអាជ្ញាធរខេត្ត មន្ត្រីជំនាញកសិកម្មខេត្ត ជាពិសេសថ្នាក់ដឹកនាំកំពូលរបស់យើង ពិតជាសប្បាយចិត្ត ចង់ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានទីផ្សារសម្រាប់ការដាំដុះរបស់ពួកគាត់ ៕

ដោយ ៖ សិលា 


ចែករំលែក៖