ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «អនាម័យដៃ សង្រ្គោះជីវិត » និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ពិធីនេះដែរមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សាក្រសួង និងលោក Dr. Pascal Ringwald តំណាងអង្គការសុខភាពពិភពលោក ព្រមទាំងលោក លោកស្រី ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ តំណាងអង្គការដៃគូ និងសិស្ស-និស្សិតនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល សរុបចំនួន ៣៦៦រូប។

ទិវាអនាម័យដៃពិភពលោកត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក ដែលប្រារព្ធធ្វើឡើងនៅរាល់ថ្ងៃទី៥ ខែឧសភា និងដើម្បីលើកទឹកចិត្តឱ្យអ្នកជំងឺ និងសមាជិកគ្រួសារ ចូលរួមចំណែកអនុវត្តអនាម័យដៃឱ្យបានល្អ។ ការសម្អាតដៃឲ្យបានត្រឹមត្រូវ អាចបង្ការការបង្ករោគដែលកើតឡើង តាមរយៈការផ្តល់សេវាសុខាភិបាល បានជាង ៥០%។ គោលបំណងវេជ្ជសាស្រ្តនៃការលាងដៃត្រឹមត្រូវតាមបច្ចេកទេស គឺសម្អាតភាពកខ្វក់ មេរោគបាក់តេរី និងវីរុសដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួន និងសហគមន៍។ 

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថាបច្ចុប្បន្ននេះជំងឺឆ្លងថ្មីៗ ជាច្រើនដែលនឹងកំពុងកើតមាន ហើយវាបានគំរាមកំហែងដល់អាយុជីវិតយើងគ្រប់ពេលវេលា ហើយក៏អាចជាបញ្ហាសុខភាពសាធារណៈ បើយើងទាំងអស់គ្នាមិនបានទប់ស្កាត់ឱ្យបានត្រឹមត្រូវ។ រាល់ការចម្លងរោគទាំងនេះ ភាគច្រើនគឺបណ្តាលមកពីការមិនបានលាងដៃ រក្សាគម្លាតឲ្យបានត្រឹមត្រូវ។ ប្រសិនបើយើងបានលាងដៃជាមួយសាប៊ូ និងទឹក ឬអាល់កុលបានត្រឹមត្រូវតាមក្បួននោះ យើងនឹងអាចជៀសផុតពីការចម្លងរោគ។ ដូច្នេះការលាងដៃគឺ សង្រ្គោះជីវិត។

ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពសុខាភិបាលទាំងអស់ ឱ្យធ្វើផែនការប្រតិបត្តិរៀងៗខ្លួន ដោយបញ្ជូលសកម្មភាពបង្ការ និងត្រួតពិនិត្យការចម្លងរោគ ដូចជាការធ្វើអនាម័យដៃ តម្រូវការធនធានសម្ភារ និងថវិកាជាអាទិភាពសម្រាប់ដំណើរការសកម្មភាពឆ្នាំ២០២៤ខាងមុខនេះ ដើម្បីឆ្លើយទៅនឹងផែនការយុទ្ឋសាស្រ្តសុខាភិបាល ២០២២-២០៣០ និងច្បាប់សុខភាពអន្តរជាតិ (International Health Regulation) របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំថ្នាក់ដឹកនាំ និងគ្រូពេទ្យ ព្រមទាំងអ្នកសារព័ត៌មានគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយដល់ប្រជាជនយើងទូទាំងប្រទេសចូលរួមយល់ដឹងនិងជួយទប់ស្កាត់ជំងឺឆ្លងដែលកើតមានថ្មីនៅតាមសហគមន៍ ដោយការធ្វើអនាម័យដៃ ជាមួយសាប៊ូ និងទឹក ឬជែល អាល់កុល។

ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី មានជំនឿដ៏មុតមាំថា សមាជិក សមាជិកាទាំងអស់នឹងយកចិត្តទុកដាក់ជួយពាំនាំនូវពាក្យពេជន៍ល្អៗនេះ ចែករំលែកដល់ក្រុមគ្រួសារ និងមិត្តភ័ក្រ្តរបស់ខ្លួន សូមជូនពរ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោក លោកស្រី ក្មួយៗនិស្សិតទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃទីស្តីការក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ មេដាយសំរិទ្ធការងារ ចំនួន ៥៧គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររយៈពេលកន្លងមក។ 

សូមរំលេចដែរថា ការបំពាក់គ្រឿងឥស្សរិយយសមេដាយ នឹងរៀបចំជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលមានស្នាដៃក្នុងការបំពេញការងារ៕ 

ដោយ ៖ សិលា


ចែករំលែក៖