ខេត្តស្វាយរៀង: យ៉ាងហោចណាស់មានមនុស្សស្លាប់២នាក់របួសធ្ងន់៣នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងម៉ូតូ២គ្រឿងនឹងរថយន្តនៅក្រុងបាវិតនិងស្រុករំដួល។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវលេខ ៣១៣៤ ស្ថិតក្នុងភូមិបុស្សស្វាយ ឃុំបុសមន ស្រុករំដួល ដោយមានម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B.0412 បើកបរដោយឈ្មោះ អន សុខុន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិបុសមនលើ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ខណៈនោះស្រាប់តែមាន សត្វគោរត់បោលលើដងផ្លូវម៉ូតូក៏បុកពេញទំហឹងបណ្ដាលអោយអ្នកបើករបួសធ្ងន់ ត្រូវបានដឹកទៅដល់មន្ទីរពេទ្យប៉ុន្តែអកុសលបានស្លាប់បាត់ទៅហើយ។
ករណីទី២បានកើតឡើងនៅវេលាម៉ោង៣និង៤៩នាទីរសៀលថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូមួយគ្រឿង ម៉ាកហុងដាវេ៉វ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខស្វាយរៀង 1I-6996 បើកបរដោយឈ្មោះ យិន រ៉ា ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានអ្នករួមដំណើរឈ្មោះ ម៉ៅ សារ៉ា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបកម្មករសំណង់ រស់នៅភូមិឃុំខាងលេី ធ្វើដំណើរពីកើតទៅលិចក៏បុកជាមួយម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JT-5534 បើកបរដោយឈ្មោះ រាសី រក្សា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅក្នុងភូមិថ្មី ឃុំដូលកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ធ្វើដំណើរពីលិចទៅកើតវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតដួលបោកចូលរថយន្តម៉ាកHYUNDAI ពណ៌សពាក់ ស្លាកលេខ ព្រៃវែង 3A-0837 បើកបរដោយឈ្មោះ ព្រុំ យានសុភា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរតៃកុងឡាន នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងបណ្ដាលអោយឈ្មោះ រាសី រក្សាស្លាប់គួរអោយសង្វេគ។
ក្រោយមកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានដើម្បីចាត់ការតាមច្បាប់។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជួនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នមធ្យោបាយរថយន្តសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុដោយសារតែម៉ូតូពាក់ស្លាកលេខភ្នំពេញ 1JT-5534 បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ សុថាន