ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះរឿងបាយហូបបុរសជាសង្សារបាញ់សម្លាប់នារីពេទ្យមណ្ឌលសុខភាពស្លាប់ក្នុងថ្លុកឈាម ព្រឹកឡើងសមត្ថកិច្ចចាប់បានឃាតក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ព្រឹកព្រលឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលស្រុកអូររាំងសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចាប់បានបុរសជាឃាតកបាញ់សម្លាប់នារីជាសង្សារ បន្ទាប់ពីករណីឃាតកម្មមួយបានកើតឡើងនៅវេលាម៉ោង២៣និង២០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ពោលគឺប៉ុន្មានម៉ោងក្រោយឃាតកម្ម។

ករណីឃាតកម្មនេះបានកើតឡើងនៅចំណុចក្នុងបន្ទប់ដេកក្នុងមណ្ឌលសុខភាពកណ្ដូងក្រឡឹង ស្ថិតនៅក្នុងក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង  ខេត្តមណ្ឌលគិរី ។ 

សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា ជនរងគ្រោះ២នាក់  រួមមាន៖ ១-ឈ្មោះ កែម កែវកន្និការ ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរមុខរបរជាបុគ្គលិកសុខាភិបាលនៃប៉ុស្តិ៍សុខភាពអណ្ដូងក្រឡឹង មានទីលំនៅបច្ចុប្បន្នភូមិអណ្តងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ស្លាប់)និង២-ឈ្មោះ ជូ សាណា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី(រងរបួសត្រូវដៃខាងឆ្វេង)។

ចំណែកជនសង្ស័យឈ្មោះ សុខា នុត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ 

វត្ថុតាងចាប់យករួមមាន៖ ១-កាំភ្លើង AK ៤៧ (១ដើម) អត់ស្វាយ , ២-បង់ចំនួន០១, ៣-គ្រាប់ចំនួន០៦គ្រាប់។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣និង២៩នាទី ជនសង្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើងAK 47 មួយដើមដែលរើសបានក្នុងព្រៃដើរទៅរកនារីរងគ្រោះនៅបុស្តិ៍សុខភាពអណ្ដូងក្រឡឹង មុននឹងចេញទៅរកសត្វឈ្លូសក្នុងព្រៃ។ ពេលទៅដល់ប៉ុស្តិ៍សុខភាព នារីរងគ្រោះឈ្មោះ កែម កែវកន្និកា និងកូនស្រីឈ្មោះ ជូ សាណា កំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាព។ ពេលនោះជនសង្ស័យបានសួរនាំរឿងបាយហូប ហើយក៏ឈ្លោះប្រកែកគ្នា ដោយអ្នកទាំងពីរជាសង្សារនឹងគ្នា ។ 

ប្រភពបានបន្តថា មួយសន្ទះទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះត្រូវចំក្បាលសៀតផ្កាខាងស្ដាំធ្លាយចេញទៅខ្នង ក្បាលគ្រាប់ធ្លាយត្រូវចំដៃកុមារីរងគ្រោះឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះចំកំភួនដៃខាងឆ្វេងបណ្ដាលឱ្យរងរបួស ហើយជនសង្ស័យឈ្មោះ សុខា នុត បានបាញ់ខ្លួនឯងចំនួន២គ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួន រហូតដល់ព្រឹកឡើងម៉ោង៥ និង៣០នាទី ទើបកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យបាន។

ដោយសារតែឈ្លោះប្រកែកគ្នារឿងបាយហូប គួបផ្សំជាមួយជួនសង្ស័យខឹងជនរងគ្រោះជាសង្សារពីមុនមកផងជាហេតុធ្វើឲ្យឈានដល់ការបាញ់សម្លាប់នារីរងគ្រោះ (ឃាតកម្ម)។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីកសាងសំណុំរឿងទៅតុលាការតាមនិតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖