ខេត្តព្រះវិហារ ៖ មានត្រាក់ទ័រមួយគ្រឿងកំពុងបើកភ្ជួរដីស្រែស្រាប់តែជាន់មីនតោនបណ្តាលឱ្យផ្ទុះកក្រើកដីរងការខូចខាតត្រាក់ទ័រទាំងស្រុង តែសំណាងល្អដែរដែលអ្នកបើកបរគ្រាន់តែរងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជាំក្សាន្ត។
ករណីត្រាក់ទ័រមួយគ្រឿងភ្ជួរដីស្រែជាន់មីនផ្ទុះនោះបានកើតឡើងនៅវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមសេចក្តីរាយការណ៍របស់លោកលិញ យុត.ជានាយតំណាងមីនប្រចាំស្រុកជាំក្សាន្តខេត្តព្រះវិហារបានឱ្យដឹងថា ការផ្ទុះមីនតោននោះបណ្តាឱ្យខួចខាតត្រាក់ទ័រទាំងស្រុង រីឯអ្នកបើកបរឈ្នោះ ឡាត់ វ៉ាន់ណេត ភេទប្រុស អាយុ២៤ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើរងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ប្រភពពីម្ចាស់ត្រាក់ទ័របានឱ្យដឹងថា ដីដែលមានគ្រាប់មីនផ្ទុះនោះគឺម្ចាស់គេធ្លាប់បានអាស្រ័យផលដាំដំណាំពីរឆ្នាំមកហើយ ដោយឆ្នាំទី១ធ្វើស្រែឆ្នាំទី២ដាំដំឡូងមីនិងឆ្នាំទី៣នេះភ្ជួរដាំដំឡូងមីដែរ។ ប៉ុន្តែក្នុងឆ្នាំទី៣នេះម្ចាស់ដីជួលអ្នកផ្សេងទេឱ្យភ្ជួរដី ហើយដល់ពេលផ្គុំរងទើបគេជួលគាត់។
ម្ចាស់ត្រាក់ទ័រនោះបន្តថា ដីដែលម្ចាស់ជួលឱ្យគាត់ភ្ជួរនោះគឺជារបបចែកឱ្យទាហានចំនួនពីរហិកតា។ ក្នុងពេលដែលកំពុងភ្ជួរបានប្រហែលពាក់កណ្តាលស្រាប់តែជាន់មីនតោនផ្ទុះតែម្តងខណៈឆ្លងបត់ចូលផ្គុំរងថ្មីទៀត។
រីឯអ្នកបើកបរគឺជាកម្មករសុីឈ្នួលបើកបរបានរងរបួសដៃនិងក្បាលហើយគាត់ម្ចាស់បានបន្តបញ្ជូនមកស្កេនក្បាលនៅន្ទីរពេទ្យខេត្តហើយដែរ មិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរនោះទេ បានត្រឡប់ទៅផ្ទះវិញហើយ ហើយព្រឹកនេះក៏មានកម្លាំងសុីម៉ាក់បានចុះទៅត្រួតពិនិត្យនិងធ្វើការឆ្លុះរាវរកមីនបន្ថែមទៀតដែរ៕
ដោយ ៖ ជីវ័ន្ត