ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន មានប្រសាសន៍ថា ការដែលបង្កើតយន្តការដើម្បីដោះស្រាយករណីក្រុមហ៊ុន ឡេង ចាន់ណា គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើជនរងគ្រោះពីបទឆបោករបស់ក្រុមហ៊ុន ឡេង ចាន់ណា ។

ឯកឧត្តមបានបន្ថែមថា ការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នៅកូរ៉េខាងត្បូង គឺអត់ន័យ។ 

លោកថា ៖ ខ្មែរនៅប្រទេសកូរ៉េខាងត្បូងមានរហូតរាប់ម៉ឺននាក់ បាតុករប្រឆាំងមានត្រឹម១០០-២០០នាក់មិនមែនជាសម្លេងភាគតិចបំផុត។  ការបានទៅធ្វើការងារនៅបរទេសគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មិនមែនជាការយកប្រជាជនកម្ពុជាទៅធ្វើខ្ញុំកញ្ជះគេទេ។ ការនិយាយថាពលករខ្មែរទៅធ្វើការនៅបរទេសជាខ្ញុំកញ្ជះបរទេស គឺអ្នកថានោះហើយដែលចង់ឲ្យខ្មែរធ្វើខ្ញុំបរទេស។ 

ឯកឧត្តមបានបន្ថែមទៀតថា ការឡើងកាន់អំណាចតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ គឺជាការគោរពតាមឆន្ទៈរបស់ប្រជាជនកម្ពុជាដែលសម្តែងតាមរយៈការបោះឆ្នោត។ ហើយមានតែពួកចាញ់ឆ្នោតទេដែលមានគំនិតចង់ឲ្យប្រទេសជាតិមានអស្ថិរភាព ចលាចល និងមានសង្គ្រាមដើម្បីចង់ដណ្តើមអំណាច ចំណែកអ្នកកាន់អំណាច មានតែចង់បានសន្តិភាព ស្ថិរភាពនយោបាយ មានសណ្តាប់ធ្នាប់សាធារណៈល្អ សង្គមមានការអភិវឌ្ឍន៍រីកចម្រើន ប្រជាជនមានជីវភាពធូធារ។ 

 លោក សុខ ឥសានបានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីឲ្យស្របតាមសំណូមពរត្រូវការរបស់ប្រទេសជាតិនិងដំណើរការស្របតាមនីតិវិធីច្បាប់ គឺជាការត្រឹមត្រូវតាមច្បាប់ មិនមែនចេះតែធ្វើប៉ាតណាប៉ាតណីនោះទេ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅចំណុចណាដែលច្បាប់ហាមឃាត់ ទើបអាចចោទថាជាការខុសច្បាប់។ ការចាប់ខ្លួនជនប្រព្រឹត្តល្មើសច្បាប់គឺជាការអនុវត្តច្បាប់ មិនមែនជាការរឹតត្បិតនិងគាបសង្កត់ខាងនយោបាយអ្វីទេទោះប៉ះចំអ្នកនយោបាយក៏ដោយ៕

ដោយ ៖ សិលា


ចែករំលែក៖