ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល​ចូលរួមគាំទ្រយ៉ាងក្លៀវ ក្លាលើគម្រោងព្រែកជីកហ្វូណនតេជោ​ ដើម្បីភាពរីក ចម្រើន ការអភិវឌ្ឍ និងឯករាជ្យភាពនៃវិស័យដឹកជញ្ជូនរបស់ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលនារសៀលថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ក្រុមប្រឹក្សាសាលា ភូមិន្ទរដ្ឋបាល ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញពីឆន្ទៈ និងការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងចាប់ ផ្តើមដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ។ គម្រោងព្រែកជីកហ្វូណន ត្រូវបានឆ្លងកាត់ការគិតគូរលើគ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ជាពិសេសការគិតគូរប្រកប ដោយទស្សនវិស័យដល់បរិយាកាសនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងអនាគតដ៏វែងឆ្ងាយរបស់ប្រជាជាតិកម្ពុជា។ 

មមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះលោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានរំលឹកប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយបានលើក ឡើងថា “សមិទ្ធផលព្រែកជីកហ្វូណនតេជោ មិនត្រឹមតែអំណោយផលយ៉ាងធំធេងដល់កត្តាសង្គម សេដ្ឋកិច្ចតែប៉ុណ្ណោះទេ ថែមទាំងជាការផ្សារភ្ជាប់ជាមួយឯករាជ្យភាពនៃការដឹកជញ្ជូនរបស់កម្ពុជាផងដែរ”។

លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ដូច្នេះ ក្រោយ ពេលដែលក្រុមប្រឹក្សាភិបាល បានពិភាក្សាយោបល់យ៉ាងផុលផុសលើគម្រោងផែនការ និងទិសដៅការងារឆ្ពោះទៅមុខលើការដើម្បីពង្រឹងគុណភាពបណ្តុះ បណ្តាលធនធានមនុស្សផ្នែករដ្ឋបាលសាធារណៈ តាមរយៈសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែល្អប្រសើរ។ ផ្សាភ្ជាប់ជាមួយគម្រោង និងទិសដៅឆ្ពោះទៅថ្ងៃអនាគតរបស់កម្ពុជា ក្រុមប្រឹក្សាសាលាបានឯកភាពជាធ្លុងមួយ គាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោ​ ដើម្បីភាពរីកចម្រើន ការអភិវឌ្ឍ និងឯករាជ្យភាពនៃវិស័យដឹកជញ្ជូនរបស់ព្រះរាជាណាចក្រកម្ពុជា។ 

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១៦ខែឧសភាមានការអញ្ជើញចូលរួមដោយសមាជិក សមាជិកា ដែលជារដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ,ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ,ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,ក្រសួងអប់រំ យុវជន និងកីឡា,សាស្ត្រាចារ្យឧត្តមសិក្សា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល៕

ដោយ៖ សូរិយា


ចែករំលែក៖