ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកលេងដាវ កាំបិត៤នាក់ត្រូវបាន កងរាជអាវុធហត្ថរាជធានីភ្នំពេញបង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នពេញ​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ក្រុមអ្នកលេងដាវ កាំបិត៤នាក់​ជាសាធារណៈ​មុននឹងបញ្ជូនទៅតុលាការ​ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធករណីហិង្សាដោយចេតនា។

    សូមជម្រាបជូនថា​ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ កាលពីវេលាម៉ោង១៣និង៣០នាទីរសៀល​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤​ បានទទួលព័ត៌មានថា មានករណីក្មេងស្ទាវមួយក្រុមមានគ្នា១៤នាក់ជិះម៉ូតូ៧គ្រឿងប្រដាប់ដោយកាំបិត ដាវ ដុំថ្ម បានធ្វើសកម្មភាពដេញកាប់និងគប់ ទៅលើបុរសជាជនរងគ្រោះចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ប៉ុន្តែមិនបណ្តាលឱ្យរងរបួសនោះទេ ដោយសារតែបុរសទាំង០៤នាក់បានផ្ដួលម៉ូតូចោលហើយរត់គេចខ្លួន។ បន្ទាប់មកក្រុមជនសង្ស័យទាំងនោះបានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះជាច្រើនកាំបិតបណ្តាលឱ្យខូចខាតយ៉ាងដំណំ។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវលេខ៩២ ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ជាបន្តបន្ទាប់ យកមកសាកសួរតាមនីតិវិធីនៅមូលដ្ឋានខណ្ឌ ដោយវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ០១គ្រឿងម៉ាក Beat ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1U-6234, កាំបិតផ្គាក់ កាំបិតប៉័ងតោ សរុបចំនួន០៤ដើម។

    ជនទាំង០៤នាក់នោះរួមមាន ៖ ១.ឈ្មោះ ខឿន វីរៈយុទ្ធ ហៅ ស្វាភ្លើង ភេទប្រុស អាយុ១៤ឆ្នាំ, ២.ឈ្មោះ សេង ហុកជា ភេទប្រុស អាយុ១៣ឆ្នាំ, ៣.ឈ្មោះ សីហា សត្រា ភេទប្រុស អាយុ ១៥ឆ្នាំ, ៤.ឈ្មោះ អ៊ូ ដេវីត ហៅ ជា ភេទប្រុស អាយុ១៨ឆ្នាំ។

    ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៤នាក់បានសារភាពឱ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួននិងបក្ខពួក១០នាក់ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយស្មានតែជនរងគ្រោះជាភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ហើយក៏បានយកដាវ កាំបិតផ្គាក់ កាំបិតប៉័ងតោ ដុំថ្ម កាប់និងគប់ទៅលើជនរងគ្រោះ តែដោយសារជនរងគ្រោះរត់គេច ពួកខ្លួនក៏ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះតែម្ដងទៅ។

    បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ខាងលើត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖