សារព័ត៌មាន AFP បានផ្សាយថា លោក Lai Ching-te នៅថ្ងៃចន្ទ ទី២០ ខែឧសភានេះបានស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ជាផ្លូវការហើយ នៅឯពិធីស្បថចូល កាន់តំណែងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់។
លោក Lai ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីខែមករា ដើមឆ្នាំ២០២៤ បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ខណៈលោកស្រី Hsiao Bi-khim ក៏បានស្បថចូលកាន់តំណែងជាមេដឹកនាំរងរបស់លោក Lai ផងដែរ។ លោក Lai ផ្ទាល់ធ្លាប់ជា មេដឹកនាំរង (អនុប្រធានាធិបតី) នៅក្រោមអាណត្តិដឹកនាំរបស់លោកស្រី Tsai។
លោក Lai Ching-te បានសន្យាថាលោកនឹងបន្តដើរតាមគោលនយោបាយរបស់លោកស្រី Tsai ដឹកនាំតៃវ៉ាន់ដោយឯករាជ្យ ហើយក៏នឹងមិនបង្ករឿង ជាមួយចិននោះដែរ។ ប៉ុន្តែ ទីក្រុងប៉េកាំងបានចាត់ទុកថាលោក Lai មានអាយុ៦៤ឆ្នាំ ជាជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ដែលអាចបង្កឱ្យមានសង្រ្គាមផ្ទុះឡើង៕ ដោយ៖ ធីរីណា
រូបថត៖ AFP