ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អុីរ៉ង់នៅថ្ងៃទី 21 ខែឧសភា បានដកស្រង់ប្រភពមួយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមកប្រទេសអុីរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពរបស់ប្រធានាធិបតី Ebrahim Raisi ជាមួយនឹងវិធានការសន្តិសុខយ៉ាងតឹងរឹង រួមទាំងយន្តហោះចម្បាំង Sukhoi-35 ចំនួន៤គ្រឿងអមដំណើរការពារប្រធានាធិបតី។
មុននេះ (២០ ឧសភា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្ញើសាររំលែកទុក្ខដល់មេដឹកនាំកំពូលអុីរ៉ង់ Ayatollah Ali Khamenei ប្រធានាធិបតីបណ្តោះអាសន្នអុីរ៉ង់ Mohammad Mokhber និងប្រជាជនអុីរ៉ង់ទាំងអស់ ក្រោយពេលប្រធានាធិបតី Ebrahim Raisi ទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី ១៩ ឧសភា។
នៅក្នុងសាររំលែកទុក្ខរបស់លោកប្រធានាធិបតី ពូទីន បានសរសើរលោក Raisi ថាជា “មិត្តពិតរបស់រុស្ស៊ី ដែលជាដៃគូអាចទុកចិត្តបាន ដែលបានរួមចំណែកដែលមិនអាចកាត់ថ្លៃបានក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ីនឹងអុីរ៉ង់”។
យោងតាមការប្រកាសជាផ្លូវការពីប្រទេសអុីរ៉ង់ ពិធីបុណ្យសពរបស់អតីតប្រធានាធិបតី Ebrahim Raisi នឹងប្រព្រឹត្តទៅនៅរដ្ឋធានីTehran ទីក្រុង Tabriz, Qom, Birjand និង Mashhad ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែឧសភា។
សពលោក Raisi នឹងត្រូវបញ្ចុះនៅកន្លែងបូជាសាសនាអ៊ិស្លាម Imam Reza ក្នុងទីក្រុង Mashhad (ភាគឦសានប្រទេសអុីរ៉ង់) នៅល្ងាចថ្ងៃទី២៣ ខែឧសភា៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )