ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលស្រុកឱ្យគ្រឿងចក្រស្ដារស្រះទឹកក៏ប្រទះឃើញគ្រាប់ទម្លាក់ពីលើយន្តហោះMK82ក្នុងសម័យលន់នល់ នៅមានគុណភាព

ចែករំលែក៖

ខេត្តកំពង់ចាម៖ ក្រោយពីឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍គ្រាប់មិនទាន់ផ្ទុះ ត្រូវបានគេប្រទះឃើញរាយ ប៉ាយខ្លះនៅលើដីខ្លះកប់ក្នុងដី។ ជាក់ស្ដែងនៅកន្លែងស្ដារស្រះទឹកមួយកន្លែងនៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ត្រូវបានគេប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះ ប្រភេទMK82 ដែលមានទម្ងន់ជាង ២០០គីឡូក្រាម ហើយត្រូវបានកម្លាំងសមត្ថកិច្ចព្រម ទាំងអាជ្ញាធរភូមិព័ទ្ធ និងដាក់ស្លាកសញ្ញាហាមមិនឲ្យប្រជាពលរដ្ឋណាម្នាក់ទៅក្បែរ ដោយខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ហើយនេះជាករណីទី២ ហើយបន្ទាប់ពីប្រទះឃើញលើកទី១ប្រទះឃើញនៅមុខមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី ២១ឧសភាថា អភិបាលស្រុកព្រៃឈរបានឲ្យគ្រឿងចក្រ ទៅស្ដារស្រះទឹកមួយកន្លែងនៅភូមិសេកសកឲ្យបានជ្រៅបន្តិចសម្រាប់ស្តុកទឹកទុកប្រើពេលដែលជួបគ្រោះរាំងស្ងួត។ ស្របពេលដែលគ្រឿងចក្រកំពុងតែកាយដីដាក់លើរថយន្តមកស្ថាបនាផ្លូវលំក្នុងភូមិបានជម្រៅជាង១ម៉ែត្រក៏ប្រទះឃើញគ្រាប់បែកធុនធំនេះកាលពីល្ងាចថ្ងៃទី២០ឧសភាឆ្នាំ ២០២៤ បន្ទាប់មកអ្នកបើកគ្រឿងចក្របានរាយការណ៍ មកអាជ្ញាធរមូលដ្ឋានជា បន្ទាន់ព្រមទាំងសមត្ថកិច្ច ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋនៅតំបន់នោះបានដឹង។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២១ឧសភា កម្លាំងU.X.O បានចុះមកពិនិត្យគ្រាប់ជាមួយនឹងកម្លាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធដោយគ្រាប់ទម្លាក់ពីលើយន្តហោះនេះនៅមានគុណភាពមិន ទាន់ផ្ទុះនៅឡើយ។ ជាមួយនោះ បានប្រើប្រាស់ជំនាញបច្ចេកទេសរបស់ខ្លួនដោយប្រុងប្រយ័ត្នគឺដោះក្បាលគ្រាប់បន្សាប ធ្វើយ៉ាងណាមិនឲ្យផ្ទុះ ដើម្បីស្ទូចដាក់លើរថយន្តទៅរក្សាទុកនៅសារមន្ទីរក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ថា គ្រាប់បែកធន់ៗនេះគឺជាគ្រាប់ទម្លាក់ពី លើយន្តហោះនៅក្នុងជំនាន់លន់នល់ ចន្លោះឆ្នាំ ១៩៧០ -១៩៧៥ ដោយគេទម្លាក់ដើម្បីសម្លាប់លើប្រជាពលរដ្ឋស្លូតត្រង់ តែសំណាងល្អពេលទម្លាក់មកចំទីតាំងដីជ្រាយជាប្រភេទស្រះទឹកមិនផ្ទុះ ហើយបានបន្សល់ទុករហូតមកដល់សព្វថ្ងៃ។ ចំពោះទីតាំងដែលប្រទះឃើញគ្រាប់បែបនេះមានចម្ងាយពីផ្លូវជាតិលេខ៧ ប្រមាណ ៤ទៅ៥គីឡូម៉ែត្រ។

គួររំលឹកថាកន្លងទៅថ្មីៗនេះ ក្រុមការងារស្ថាបនាពង្រីកផ្លូវជាតិលេខ៧ បានប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទMK82 ផលិតនៅសហរដ្ឋអាមេរិកត្រូវបានគេប្រទះឃើញកប់នៅក្នុងដីត្រង់ទីតាំងមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរនិងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ហើយត្រូវបានកម្លាំងស៊ីម៉ាក់ មកទទួលយកដោយដោះបន្សាបមិនឱ្យផ្ទុះនិងមានសុវត្ថិភាពដល់ កន្លែងនោះផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖