ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២១គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ១៥២គ្រឿង និងម៉ូតូ ១៥៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៥១គ្រឿង រថយន្តធំ ០៤គ្រឿង រថយន្តតូច ១២១គ្រឿង និងម៉ូតូចំនួន ១២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២២ថ្ងៃ ពីថ្ងៃទី១-២២ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៨,៣៧២គ្រឿង រថយន្តធំ ១៤២គ្រឿង រថយន្តតូច ២,២៩៦គ្រឿង ម៉ូតូ ៥,៩៣៤គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,២១២គ្រឿង, រថយន្តធំ ៧០គ្រឿង, រថយន្តតូច ១,៨៨០គ្រឿង និងម៉ូតូ ៥,២៦២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ ស តារា