ព័ត៌មានទាន់ហេតុការណ៍៖

Atalanta គ្រងជើងឯក Europa League ក្រោយខកខានឈ្នះពានរយៈពេល៦១ឆ្នាំ

ចែករំលែក៖

កីឡាករឆ្នើម Ademola Lookman ស៊ុតបញ្ចូលទីបាន hat-trick ដ៏រំភើបចំនួន៣គ្រាប់ម្នាក់ឯង ជួយឲ្យ Atalanta បំណែកកំណត់ត្រាឈ្នះពានរង្វាន់រយៈពេល៦១ឆ្នាំ ធ្វើឲ្យការរំពឹងទុករបស់ក្រុម Bayer Leverkusen នៃរដូវកាលដែលមិនធ្លាប់ចាញ់បានបរាជ័យជាលើកដំបូងក្នុងរដូវកាលនេះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League នៅកីឡដ្ឋាន Aviva កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ឧសភា។

ក្រុមទាំង២បាននាំមកនូវការគាំទ្រ និងការទស្សនាយ៉ាងច្រើនដល់ទីក្រុង Dublin សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបលើកដំបូងរបស់ Atalanta និងការប្រកួតរបស់ Leverkusen ក្នុងការប្រជែងយកពាន៣ក្នុងមួយរដូវកាល។

Leverkusen របស់លោក Xabi Alonso មិនចាញ់ក្នុង៥១ប្រកួតនៅរដូវកាលនេះ ហើយសង្ឃឹមក្នុងការលើកពាន២ទៀតនៅរដូវកាលនេះ ប៉ុន្តែអតីតខ្សែបម្រើស្លាប Charlton Athletic កីឡាករ Lookman បានស្វែងរកគ្រាប់បាល់ និងបំផ្លាញក្តីសង្ឃឹមមួយនេះ។

៣គ្រាប់របស់កីឡាករ Lookman រកបាននៅនាទីទី១២ នាទីទី២៦ និងនាទីទី៧៥។ ចំណែកក្រុម Leverkusen បានខិតខំស្វែងរកគ្រាប់បាល់ត្រឡប់មកវិញ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានទៅលើក្រុម Atalanta។

ក្រុម Atalanta មានពានរង្វាន់ទី២ដើម្បីបន្ថែមនៅជាប់នឹងពានរង្វាន់ Coppa Italia ដែលធ្លាប់បានឈ្នះកាលពីឆ្នាំ១៩៦៣។ ការឈ្នះពាន Europa League នេះធ្វើឲ្យក្រុម Atalanta ទទួលបានកៅអីមួយនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈដែលនៅក្របខ័ណ្ឌលីកកំពូលអ៊ីតាលីក្រុមនេះកំពុងឈរនៅលេខរៀងទី៥រដូវកាលនេះ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖