ព័ត៌មានទាន់ហេតុការណ៍៖

Toni Kroos លាមិត្តរួមក្រុមចុងក្រោយនៅ Bernabeu ក្រោយចប់ការប្រកួតរបស់ Real Madrid

ចែករំលែក៖

ម្ចាស់ជើងឯក La Liga ក្រុម Real Madrid បានប្រកួតស្មើជាមួយក្រុម Real Betis ដែលជាការប្រកួតចុងក្រោយនៅរដូវកាលនេះ ខណៈដែលខ្សែបម្រើដែលចូលនិវត្តន៍ Toni Kroos បានលេងការប្រកួតចុងក្រោយរបស់គាត់នៅឯកីឡដ្ឋាន Santiago Bernabeu។

កីឡាករជម្រើសជាតិអាឡឺម៉ង់ដែលនឹងចូលនិវត្តន៍ពីបាល់ទាត់អាជីពក្រោយព្រឹត្តិការណ៍ Euro 2024 ត្រូវបានផ្តល់កិត្តិយសដោយកីឡាករទាំងពីរក្រុមឈរអមដើម្បីអបអរ មុនការប្រកួត និងបានប្តូរចេញនៅនាទីទី៨៦ជាមួយនឹងអ្នកគាំទ្រពេញកីឡដ្ឋានទាំងមូលបានងើបឡើងអបអរសាទរគាត់។

Kroos បានជួយក្រុមឈ្នះពានរង្វាន់ចំនួន២២ក្នុងទសវត្សរ៍របស់គាត់ជាមួយនឹងក្រុមអធិរាជស Real Madrid ។

ក្នុងការប្រកួតនោះក្រុមភ្ញៀវ Betis គិតថាពួកគេបានបើកការស៊ុតបញ្ចូលទីក្នុងតង់ទី១នៅពេលដែល Johnny Cardoso ស៊ុតពីចម្ងាយបន្ទាប់ពីការស៊ុតបាល់ពិន័យ Free-kick របស់ Juan Miranda ប៉ុន្តែ Marc Roca ត្រូវបានវិនិច្ឆ័យថា ជាបាល់ Offside ។

កីឡាករ Willian Jose បានព្យាយាមស៊ុតបាល់ចូលទីក្នុងតង់ទី២ ប៉ុន្តែអាជ្ញាកណ្តាលខ្សែបន្ទាត់លើកទង់ជាតិដែលជាបាល់ Offside ម្ដងទៀត។ ខ្សែប្រយុទ្ធ Vinicius Junior និង Rodrygo បានបាត់បង់ឱកាសសម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈដែលអ្នកទាំង២បានព្យាយាមស៊ុតបាល់ក្នុងប្រអប់ទី ក្នុងការប្រកួតលីកចុងក្រោយរបស់ពួកគេនៃរដូវកាលនេះ។

ការយកចិត្តទុកដាក់ឥឡូវនេះប្រែទៅជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយនៅកីឡដ្ឋាន Wembley នៅពេលដែលក្រុមរបស់លោក Carlo Ancelotti នឹងត្រូវជួបជាមួយ Borussia Dortmund ក្នុងដំណើរស្វែងរកពានរង្វាន់ទ្វីបអឺរ៉ុបលើកទី១៥ របស់ខ្លួន ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖