ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់​នាយកដ្ឋានពន្លត់ និងបង្ការអគ្គិភ័យ៖​ កិច្ចការងារសំខាន់ដែលត្រូវយកចិត្តទុកដាក់ និងគិតគូរឱ្យបានមុន មុនពេលកើតមានគ្រោះអគ្គិភ័យ ដែលតែងបង្កជាវិនាសកម្មធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ត្រី សេក ធឿន អនុប្រធាននាយកដ្ឋានពន្លត់ និងបង្ការអគ្គិភ័យ បានថ្លែង​ឱ្យដឹងថា ៖ នគរបាលជំនាញ តែងតែបានចុះជាញឹកញ៉យតាមបណ្តាផ្សារធំៗ ក្នុងការចុះធ្វើសមយុទ្ធបទបង្ហាញ ពីជំនាញបង្ការ និងសង្គ្រោះ ព្រោះនេះ គឺជាកិច្ចការងារសំខាន់ដែលត្រូវយកចិត្តទុកដាក់ និងគិតគូរឱ្យបានមុន មុនពេលកើតមានគ្រោះអគ្គិភ័យ ដែលតែងបង្កជាវិនាសកម្មធ្ងន់ធ្ងរ ។

ការថ្លែងបែបនេះ​របស់​លោកអនុប្រធាន​នាយកដ្ឋាន​រូប​នេះ​ នាឱកាស​នគរបាលអគ្គិភ័យ បានបន្តការចុះធ្វើសមយុទ្ធតាមផ្សារទំនើប អ៉ីអន ដើម្បីធ្វើបទបង្ហាញពីរបៀបបង្ការ និងពន្លត់អគ្គិភ័យ ដល់ក្រុមការងារបុគ្គលិកផ្សារទាំងអស់ ដើម្បីបញ្ចៀបការយល់ដឹងកាន់តែទូលំទូលាយពីវិធានបង្ការ ។ 

សូមជម្រាបជូនថា​ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានពន្លត់ និងបង្ការអគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្តការធ្វើសមយុទ្ធនៅផ្សារទំនើបអ៉ីអនទី៣ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ដើម្បីធ្វើបទបង្ហាញ និងបង្រៀនការអនុវត្ត ដល់ក្រុមបុគ្គលិកផ្សារ ឱ្យយល់ដឹងច្បាស់ពីវិធីបង្ការ និងវិធីធ្វើការសង្គ្រោះបឋម នៅពេលមានគ្រោះអគ្គីភ័យកើតមានឡើង ។ 

លោកឧត្តមសេនីយ៍ បន្តថា ៖ ផ្សារទំនើបអ៉ីអន តែងតែបានសហការជាមួយនគរបាលជំនាញជានិច្ច ក្នុងការអនុញ្ញាត្តិឱ្យនគរបាល ចុះធ្វើបទបង្ហាញ និងបង្រៀនពីវិធានសង្គ្រោះ ដល់បុគ្គលិក និងក្រុមការងារ ក្នុងផ្សារទាំងមូល ។ 

តំណាងគណៈគ្រប់គ្រងផ្សារទំនើបអ៉ីអន៣ បានបង្ហាញក្តីរីករាយ និងពេញចិត្តចូលរួមជាមួយនគរបាលជំនាញ ក្នុងសកម្មភាពបង្ហាត់ បង្រៀន ដល់ក្រុមបុគ្គលិកផ្សារ ឱ្យកាន់តែមានការយល់ដឹងច្បាស់ និងស្ទាត់ជំនាញ ក្នុងការបង្ការ និងសង្គ្រោះបឋម ដល់អតិថិជន បុគ្គលិករួមការងារ ឬបងប្អូនប្រជាពលរដ្ឋជាដើម នៅពេលមានគ្រោះអគ្គិភ័យកើតមានឡើងជាយថាហេតុ ។ 

សូមបញ្ជាក់ថា ការចុះធ្វើសមយុទ្ធនេះ នគរបាល នៃនាយកដ្ឋានអគ្គិភ័យខាងលើ តែងបានចុះជាប់លាប់ និងជាបន្តបន្ទាប់ តាមទីតាំងអាជីវកម្មធំៗ ក្រុមហ៊ុន រោងចក្រ និងផ្សារទំនើបធំៗ ជាដើម ដែលជាទីតាំងអាជីវកម្មមានបរិមាណមនុស្សច្រើន ដូច្នោះហើយទើបនគរបាលជំនាញ ទាមទារឱ្យបណ្តាទីតាំងទាំងនោះ ត្រូវមានបុគ្គលិក ឬក្រុមការងាររបស់ខ្លួន ចេះយល់ដឹងឱ្យបានច្បាស់លាស់ពីវិធីបង្ការទប់ស្កាត់ និងសង្គ្រោះបឋមពេលមានអគ្គិភ័យកើតឡើងក្នុងទីតាំងរបស់ខ្លួន ៕ 

ដោយ​៖ តារា​


ចែករំលែក៖