ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានថ្លែងថា ៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ប្រព្រឹត្តទៅកាន់តែរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌។
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅកាន់តែរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ និងបានប្រកាសគាំទ្រកិច្ចដំណើរការនៃការបោះឆ្នោតដែលរៀបចំឡើងដោយ គ.ជ.ប. ដែលជាស្ថាប័នឯករាជ្យ ចាប់ពីដំណាក់កាលដំបូង រហូតដល់ការប្រកាសលទ្ធផលបឋមកាល។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមរបស់ ស.ន.ក.ច. និង ទ.យ.ក.ច. កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
តាមរយៈសេចក្ដីថ្លែងការណ៍រួមនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានឱ្យដឹងថា នៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ស.ន.ក.ច. និង ទ.យ.ក.ច. បានទទួលការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់ជូនថ្នាក់ដឹកនាំ សមាជិក និងសមាជិកា សរុបចំនួន ៨នាក់ បានចុះសង្កេតការណ៍លើការបោះឆ្នោត នៅតាមមណ្ឌល បោះឆ្នោតនានា ក្នុងនាមជាអ្នកសង្កេតការណ៍អន្តរជាតិ។
ដោយឈរលើមូលដ្ឋានឯករាជ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ របស់ស.ន.ក.ច. និង ទ.យ.ក.ច. បានសង្កេតឃើញចំនួន៣ចំណុចនៅក្នុងដំណើរការបោះឆ្នោតគឺ៖
១. មានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។
២. ដំណើរការបោះឆ្នោតចាប់តាំងពីដំណើរការដំបូង រហូតដល់ចប់ការបោះឆ្នោត គឺប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងណាមួយឡើយ ដោយមានអ្នកទៅបោះឆ្នោត ជាអង្គតំណាងឆន្ទៈប្រជាពលរដ្ឋ ខ្មែរ ដែលមានសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់ សរុបមានចំនួន ១១,៥៩៨ នាក់ ស្មើនឹង៩៩,៧៩% (ភាគរយ) ដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតសរុប ១១,៦២២នាក់ ។
៣. កិច្ចដំណើរការនៃការរាប់សន្លឹកឆ្នោត គឺប្រព្រឹត្តទៅដោយសុក្រឹត និងតម្លាភាពក្រោមវត្តមានរបស់ភ្នាក់ងារគណបក្ស នយោបាយនីមួយៗ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន ដើម្បីពិនិត្យ ឃ្លាំមើល និងតវ៉ាក្នុងករណីមានភាពមិន ប្រក្រតីណាមួយកើតឡើង៕
ដោយ ៖ សិលា