ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់សម្រាលបានកូនភ្លោះ៣នាក់ ប្រុសម្នាក់ ស្រី២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។
តាមការឱ្យដឹងពីលោក ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងបានឱ្យដឹងថា ស្ត្រីដែលបានសម្រាលកូនភ្លោះដោយវះកាត់មកសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យរង់ចាំរយៈពេល១ខែ ដើម្បីថែទាំសុខភាព ហើយរហូតដល់ថ្ងៃទី២៧ ខែឧសភា២០២៤ វេលាម៉ោង១រសៀល ក្រុមគ្រូពេទ្យបានសម្រាលជូនដោយវះកាត់ដោយបានកូនស្រីដំបូងទម្ងន់២គីឡូកន្លះ និងកូនទី២ភេទស្រី ទម្ងន់២គីឡូ និងកូនទី៣ ភេទប្រុស ទំងន់២គីឡូ៤ខាំ ។
ឯស្ត្រីជាម្តាយមានសុខភាពល្អធម្មតាកំពុងសំរាកនៅមន្ទីរពេទ្យ ក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យនៅឡើយ។
បើតាមការឱ្យដឹងពីបុរសឈ្មោះ ភត្ត្រា អាយុ២៥ឆ្នាំ ត្រូវជាស្វាមីរបស់ស្ត្រីសម្រាលបានកូនភ្លោះ៣នាក់ជាកសិកររស់នៅ ភូមិកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ភរិយារបស់គាត់ឈ្មោះ ស្រី ពេ អាយុ២១ឆ្នាំ បានសម្រាលកូន៣ដងហើយ លើកទី១ ដោយធម្មជាតិ លើកទី២ ដោយធម្មជាតិ និងលើកទី៣ដោយវះកាត់ ព្រោះជាកូនភ្លោះ៣ ហើយមកសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យជាង១ខែហើយ រហូតដល់ថ្ងៃកើត គឺនៅថ្ងៃទី២៧ ខែឧសភា ២០២៤ សម្រាលដោយវះកាត់ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងប្រធានមន្ទីរពេទ្យ។
នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញដល់មន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខស្ត្រីសម្រាលកូនភ្លោះ៣ខាងលើ ដោយពាំនាំភេសជ្ជៈនិងថវិកាកាកបាទក្រហមកម្ពុជាចំនួន១លាន៥សែនរៀល និងថវិកាផ្ទាល់ខ្លួនចំនួន៥០ម៉ឺនរៀលសរុប២លានរៀលដល់ស្ត្រីដែលបានសម្រាលបាន កូនភ្លោះ៣នាក់។
ស្របពេលជាមួយគ្នានោះ នៅថ្ងៃដដែល លោកអភិបាលខេត្ត បានបន្តដំណើរទៅសួរសុខទុក្ខ ស្ត្រីម្នាក់ទៀត រស់នៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត សម្រាលបានកូនភ្លោះ២នាក់ ស្រីទាំង២នាក់ ដោយពាំនាំនូវភេសជ្ជៈ និងថវិការបស់កាកបាទក្រហមកម្ពុជាចំនួន១លានរៀល និងថវិកាផ្ទាល់ខ្លួនចំនួន៥០ម៉ឺនរៀល សរុប១លាន៥សែនរៀលដល់ស្ត្រីដែលសម្រាលបានកូនភ្លោះ២នាកនោះផងដែរ៕
ដោយ ៖ ជីវ័ន្ត