ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ បានថ្លែងថា យើងរួមគ្នាគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផលប្រយោជន៍កុមារកម្ពុជា !
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ ០១ មិថុនា ២០២៤ មិ្សលមិញនេះ។
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបន្តថា ខ្ញុំនិងភរិយាពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះការចូលរួមដ៏ច្រើនលើសលប់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រដល់យុទ្ធនាការដ៏មានសារៈសំខាន់នេះ។ ជាក់ស្ដែង ក្នុងរយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីពេលដែលយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃ ២៨ ឧសភា ២០២៤ រហូតដល់ថ្ងៃបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ ០១ មិថុនា ២០២៤ ម្សិលមិញ គឺមានបងប្អូនប្រជាពលរដ្ឋចំនួន ៧៥.៨១៦នាក់ បានចូលរួមបរិច្ចាគជាថវិកាសរុបចំនួន ១.៣៧០.៤៨២.៧៦៣ រៀល និង ៦៣៤.៣៣០ ដុល្លារអាមេរិក។
សម្ដេចធិបតី បានមានប្រសាសន៍ថា ខ្ញុំសូមបញ្ជាក់ជូនបន្ថែមថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ ហេតុដូច្នេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។ ព័ត៌មានសម្រាប់ធ្វើការបរិច្ចាគ មានភ្ជាប់ជាមួយរូបខាងលើ ៕
ដោយ៖ តារា