ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជារកចំណូលបានជាង៨៥១លានដុល្លារពីការនាំ ចេញគ្រាប់ស្វាយចន្ទីរ ក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កើនឡើងជាង ៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ÷ប្រធានសមាគមស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានឱ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះថា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន៧១ម៉ឺនតោន ៦ពាន់តោន ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៤ ក្នុងនោះការនាំចេញទៅវៀតណាមបានសរុប៦៦ម៉ឺន៧ពាន់ តោន ដែលមានទឹកប្រាក់ប្រមាណ៨៥១លានដុល្លារ កើនឡើងជាង ៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២៣   

លោក អួន ស៊ីឡុត បានបន្តថា បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យម អាចលក់បានតម្លៃ ១ ៧៣០ ដុល្លារក្នុងមួយតោន ។ លោកបានបញ្ជាក់ថា ដោយសារតែ

បញ្ហាអាកាសធាតុបានធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះនិងតម្លៃមានការធ្លាក់ចុះផងដែរ  ខណៈតម្លៃធ្លាក់ខ្លាំងក្នុងខែកុម្ភៈ និងដើមខែមីនា ធ្វើឲ្យលំហូរគ្រាប់ឆៅស្រស់ថយចុះយ៉ាងខ្លាំងលើទីផ្សារ ការនាំចេញទៅវៀតណាម នាខែកុម្ភៈ ធ្លាក់ចុះរហូត ៣២% និងបន្តធ្លាក់ចុះនៅខែមីនាទៀត បានធ្វើឲ្យតម្លៃគ្រាប់ឆៅហើបឡើងវិញ នៅពាក់កណ្តាលខែមីនា និងខែមេសា គ្រាប់សើមតម្លៃ ៥ពាន់៣០០រៀល ក្នុង ១គីឡូក្រាម ជាតម្លៃខ្ពស់ជាងគេក្នុងរយៈពេល ១៥ឆ្នាំនេះ។

កម្ពុជា បច្ចុប្បន្នមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណ ៤៧ ម៉ឺន២ពាន់៩៤៦ហិកតា និងទទួលបានទិន្នផលសរុប ៧០ម៉ឺន៩ពាន់៤១៩តោន។ ចំណែកឯការនាំចេញគ្រាប់ ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តជាតិមានដូចជាប្រទេសចិន,ជប៉ុន,បង់ក្លាដែស,ឥណ្ឌាវៀតណាម និងថៃ និងគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសចិន,សាធារណៈរដ្ឋឆែក,ជប៉ុន,កូរ៉េខាងត្បូង,ហូឡង់ វៀតណាម និងសហរដ្ឋអាម៉េរិក៕

ដោយ៖ សូរិយា


ចែករំលែក៖