ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា ឆ្នាំ២០២៤ និងទិដៅខែមិថុនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះធ្វេីឡេីងនៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធាន គ.ជ.គ.ម. , លោកទីប្រឹក្សា, រួមទាំងលោក លោកស្រី អគ្គលេខាធិការរង គ.ជ.គ.ម. , លោកប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធផងដែរ ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងរដូវប្រាំង ឆ្នាំ២០២៤ កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងរលកកម្តៅក្នុង កម្រិត ខ្ពស់ជាមួយ នឹងសីតុណ្ហភាពប្រចាំថ្ងៃក្នុងរង្វង់ពី ៤០-៤២អង្សាសេ ជាពិសេសនៅក្នុងដំណាច់ខែមេសា កម្រិតកម្តៅអតិបរមាបានឡើងដល់៤៣អង្សាសេ នៅតាមបណ្តាខេត្តឧត្តរមានជ័យ និងស្ទឹងត្រែង ជាដើម ប្រហាក់ប្រហែលនឹងឆ្នាំ២០១៦ ដែលកម្តៅអតិបរមា ៤២,៦អង្សាសេ។
ការទទួយលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ដែលគ្របដណ្តប់មកលើឈូងសមុទ្ទថៃ និងភាគ កណ្តាលនៃអាងទន្លេមេគង្គលើ បានបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយនិងជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រកម្ពុជា ស្ទើរគ្រប់កន្លែងក្នុងបរិមាណតិចច្រើនដោយកន្លែងចាប់ពីថ្ងៃទី០៣ ខែឧសភា មកហើយក៏បានធ្វើឱ្យកម្រិត កម្តៅធ្លាក់ចុះពី ៤ទៅ ៥អង្សាសេ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
តាមការព្យាករណ៍របស់ក្រសួងជំនាញ រដូវវស្សាអាចនឹងចូលមកដល់នៅដំណាច់ខែឧសភា យឺតជាងរាល់ឆ្នាំដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល។
ក្នុងវិស័យកសិកម្មការងារប្រមូលផលស្រូវប្រាំង ឆ្នាំ២០២៣-២០២៤ ត្រូវបានបញ្ចប់ក្នុងលទ្ធផល សម្រេច ៨២៥,៥៥៥ហិកតាស្មើនឹង ៩៨,២៨% លើផ្ទៃដីអនុវត្តចំនួន ៨៤០,១៨៨ហិកតា បន្ទាប់ពីទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះរាំងស្ងួត និងទទួលបានការអន្តរាគមន៍បូមទឹកនិងបើកបញ្ចេញ ទឹកពីប្រព័ន្ធ ស្រោចស្រព តូច ធំ ដើម្បីសង្គ្រោះដំណាំស្រូវប្រាំង ដែលមានការខ្វះខាតទឹកនៅមូលដ្ឋានខេត្ត មួយចំនួន។ ការងារបង្កបង្កើនផលស្រូវវស្សា ឆ្នាំ២០២៤ មានបរិមាណតិចតូចនៅឡើយ នៅតាមបណ្តាខេត្ត ដែលទទួលបានទឹកភ្លៀងសមល្មមអាចអនុវត្តបានជាពិសេសតាមបណ្តាខេត្តឆ្នេរសមុទ្ទ។
ការទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់កើតមានចំនួន ៨៩លើក នៅរាជធានី ខេត្តចំនួន ២៣ បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ២១៤ខ្នង ផ្ទះរបើកដំបូល ជញ្ជាំង និងខូចខាតមធ្យមចំនួន ១៦៤២ខ្នង, របើកដំបូលសាលារៀនចំនួន ១៥អគារ អគាររដ្ឋបាលសាធារណៈចំនួន ០២ សាលាឆាន់ និងសាលាឆទាន ៣ខ្នង ឃ្លាំងស្តុកទំនិញ ១កន្លែង, ដួលរលំគ្រោងអគាររោងចក្រកំពុងសាងសង់ចំនួន ២ខ្នង រោងចិញ្ចឹមមាន់ ១កន្លែង និងដួល រលំផ្ទាំងប៉ាណូ ចំនួន ៣, ខូចខាតចំការស្វាយចន្ទី ៧,៦ហិកតា បាក់រលំដើមឈើ ២៦ដើម និងនៅរាជធានិភ្នំពេញ បាក់រលំដើមឈើ ចំនួន ៣ដើម ខូចខាតរថយន្ត ១គ្រឿង បង្គោលភ្លើង ១ដើម និងម៉ូតូកងបី ១គ្រឿង, គ្រោះថ្នាក់រន្ទះបាញ់កើតមានចំនួន ៥៥លើក តាមមូលដ្ឋានខេត្ត ចំនួន១៨, រងគ្រោះ ស្លាប់ ៣០នាក់(ស្រី៣) របួស ២៨នាក់ ងាប់គោក្របី ចំនួន ២០ក្បាល និងខូចខាតផ្ទះ ១៤ខ្នង, ជំងឺកូវីដ១៩
ការឆ្លងក្នុងខែឧសភា ឆ្នាំ២០២៤ គិតពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ រួមមានករណីឆ្លងថ្មី ៤១នាក់ ឆ្លងក្នុងសហគមន៍ចំនួន ៤១នាក់ នឹងជាស្បះស្បើយ ចំនួន ២៤នាក់ – គ្មានករណីនាំចូល និងករណីស្លាប់ ។ ចំពោះករណីអគ្គិភ័យ កើតមានចំនួន ៩៣លើក នៅរាជធានីខេត្តចំនួន ២១ ឆេះផ្ទះចំនួន ៨២ខ្នងល្វែង តូបលក់ដូរ និងខ្ចូសចំនួន ១២តូប ឃ្លាំងស្តុកទំនិញ ២កន្លែង, ឆេះស្ថានីយ៍ប្រេងឥន្ធនៈ ១កន្លែង សិប្បកម្មកែឆ្នៃ ១កន្លែង, ឆេះព្រៃ ៤៦ហិកតា ចំការកៅស៊ូ ២០ហិកតា ឆេះចំការដំណាំ ៤៤ហិកតា (ស្វាយ ដូង ចេក ធុរេន អំពៅ) និងព្រៃស្មៅ ៥កន្លែង, ឆេះខូចខាតស្រូវជង្រុក ២តោន រថយន្ត ២គ្រឿង និងម៉ូតូ ៧គ្រឿង, រងគ្រោះស្លាប់ ៣នាក់ និងរបួស ៩នាក់។ ឧបទ្ទវហេតុផ្លូវគោក កើតមានចំនួន ២២៤លើក ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ស្លាប់ ១២៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៥៦នាក់។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវដែក កើតមានចំនួន៥លើក នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តតាកែវ ស្លាប់១នាក់ របួស ១នាក់ ខូចរថយន្ត៣គ្រឿង និងម៉ូតូ ១គ្រឿង ។
លោកទេសរដ្ឋមន្រ្តី បញ្ជាក់ថា យោងតាមស្ថានភាពដែលបានកើតឡើងក្នុងពេលបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់រន្ទះបាញ់គឺជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ស្របពេលរដូវវស្សាមកដល់នេះ លោកទេសរដ្ឋមន្ត្រីបន្តថា យើងត្រូវសិក្សារកទីតាំងជាក់លាក់ដែលជាតំបន់ងាយរងគ្រោះដោយសារគ្រោះថ្នាក់រន្ទះបាញ់ដើម្បីដំណើការសាកល្បងក្នុងការដំឡើងនូវឧបករណ៍ការពាររន្ទះ។
លោកទេសរដ្ឋមន្រ្តី អះអាងថា នាពេលខាងមុខនឹងស្នើទៅកាន់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពីនិត្យអំពីថវិកាក្នុងការផ្តល់នូវគម្រោងតម្លើងអង់តែនការពាររន្ទះបាញ់ដែលជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាគ្រោះមហន្តរាយនានា ខណៈតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងឆ្នាំ២០២៤នេះ ស្ថានភាពដែលបង្កឱ្យមានរន្ទះបាញ់អាចនឹងធ្ងន់ធ្ងរជាងឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា ឆ្នាំ២០២៤ និងទិដៅខែមិថុនា ឆ្នាំ២០២៤ លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងនូវការកោតសរសើរ និងអគុណចំពោះថ្នាក់ដឹកនាំ និងមបន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការលើកកម្ពស់ការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយធ្វើការឆ្លើយតបសង្គ្រោះព្រោះបន្ទាន់ និងការស្ដារឡើងវិញបានទាន់ពេលវេលានៅពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើងកន្លងមក៕
ដោយ៖តារា