ខេត្តសៀមរាប : ដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារអន្តរជាតិ និងក្នុងឱកាសនៃការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំ២០២៤ ដើម្បីរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងនោះ នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភជាលើកទី៧ នូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងការព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣០០-៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០លានរៀលផងដែរ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ក្រោមកិច្ចសហការណ៍យ៉ាងជិតស្និទ្ធិជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារក្រីក្រកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ ចូលរួមជួយពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជារៀងរាល់ថ្ងៃ មានកុមារប្រមាណពី ៣០០នាក់ ទៅ ៤០០នាក់ បានមកទទួលការព្យាបាលនៅ មន្ទីរពេទ្យកុមារអង្គរ ដែលក្នុងឆ្នាំ ២០២៣ កន្លងទៅ យើងបានផ្ដល់ការព្យាបាលដល់កុមារសរុបប្រមាណ ១១ម៉ឺនករណី ហើយបើគិតចាប់ពីមន្ទីរពេទ្យបើកដំណើរការរហូតដល់ពេលបច្ចុប្បន្ននេះ បានផ្ដល់ការព្យាបាលដល់កុមារសរុបច្រើនជាង ២.៧ លានករណី។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ «មន្ទីរពេទ្យកុមារអង្គរ ពឹងផ្អែកទាំងស្រុងលើមូលនិធិសប្បុរសធម៌ ដៃគូផ្ដល់មូលនិធិ ការរៃអង្គាសថវិកា និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីទ្រទ្រង់ដល់បេសកកម្មសេវាសុខភាពរបស់មន្ទីរពេទ្យ។ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទឹកចិត្តសប្បុរសធម៌របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលតែងតែយកចិត្ដទុកដាក់ខ្ពស់ និងឧបត្ថម្ភគាំទ្រជានិច្ចដល់មន្ទីរពេទ្យកុមារអង្គរ ដោយចាប់តាំងពីឆ្នាំ២០១៦ រហូតមក កាកបាទក្រហមកម្ពុជា បានផ្ដល់ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ សរុប ៧លើក ដែលគិតជាទឹកប្រាក់មានចំនួនសរុប ២៤ម៉ឺនដុល្លារអាម៉េរិក និង ១០លានរៀល ដែលនេះបានឆ្លុះបញ្ចាំងពីគុណតម្លៃដ៏មហាប្រសើរ និងជាគំរូដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ ទំនួលខុសត្រូវសង្គម និងចេះជួយគ្នាទៅវិញទៅមក ដើម្បីសង្រ្គោះ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងនៃការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ លើសពីនេះ នាពេលកន្លងទៅថ្មីៗ មន្ទីរពេទ្យកុមារអង្គរ ក៏មានភ័ព្វសំណាងបានទទួលថវិកាបរិច្ចាគចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដែលទទួលបានពីការចូលរួមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌នៃការប្រកួតបាល់ទាត់ក្រោមប្រធានបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” ដែលបានប្រព្រឹត្ដទៅនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។»
មានមតិក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយលោកស្រី ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការីទាំងអស់ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់មន្ទីរពេទ្យកុមារអង្គរជាថ្មីម្តងទៀត ដើម្បីនាំយកនូវអំណោយរបស់កាកបាទក្រហមកម្ពុជា មកប្រគល់ជូននាពេលនេះ។ ទន្ទឹមនឹងនេះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីតួនាទីរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់បំផុតលើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលក្នុងនោះការរួមចំណែកជួយព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ តាមរយៈការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺមិនឆ្លងចម្បងធំៗចំនួន៤រួមមាន ជំងឺមហារីក ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ផ្អែមពេក ប្រៃពេក ខ្លាញ់ពេក ការជក់បារី ឬផឹកគ្រឿងស្រវឹងជាដើម។ លោកជំទាវ ក៏បានគូសបញ្ជាក់ពី ការសកម្មភាពអប់រំផ្សព្វផ្សាយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាជន ជាពិសេសក្នុងជួរយុវជន ឱ្យមានការយល់ដឹងរួមចំណែកធ្វើឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុផងដែរ។
លោកស្រី សង្ឃឹមជឿជាក់ថា កម្លាំងមន្ទីរពេទ្យគឺជាផ្នែកមួយនៃការជួយសង្គ្រោះប្រជាជន ហើយប្រជាជនក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាពនេះដែរ ដើម្បីឱ្យកុមារកម្ពុជាមានសុខភាពល្អ ចាប់តាំងពីពេលចាប់កំណើតជាទារកក្នុងផ្ទៃ រហូតដល់កើតមកជាកុមារ ជាយុវជន ទៅជាធនធានមនុស្សរបស់សង្គមជាតិ ដែលប្រកបដោយសុខភាពល្អមាំមួន និងមានសមត្ថភាពខ្ពស់។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ ជាលើកទី៧នេះរួមមាន ៖ ថវិកា ៥ម៉ឺនដុល្លារ, អង្ករ ១តោន, មី ២០កេស, ត្រីខ ២០០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា សាប៊ូដុំ) ចំនួន ២០កញ្ចប់។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ផងដែរ៕
ដោយ : សិលា