ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ សន្តិភាពនិងស្ថិរភាពជាផលប្រយោជន៍រួមនៃប្រទេសក្នុងតំបន់

ចែករំលែក៖

  អន្តរជាតិ ៖ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី២១ ដែលបើកធ្វើនៅប្រទេសសិង្ហបុរី ការបង្កើនកិច្ចសហប្រតិបតិ្តការខាងសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយជាបញ្ហាពិភាក្សាដ៏សំខាន់ក្នុងកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ។

      ប្រជាជននៃតំបន់អាស៊ីប៉ាស៊ីហ្វិកប្រាថ្នាចង់បានភាពចុះសម្រុងគ្នានិងស្រឡាញ់សន្តិភាព ។ រាប់ពាន់ឆ្នាំកន្លងមក ប្រទេសដែលមានអរិយធម៌ សាសនា ជនជាតិនិងប្រព័ន្ធច្បាប់ខុសៗគ្នាបានកកើតទៅជាមូលដ្ឋានវប្បធម៌នៃការរួមរស់នៅជាមួយគ្នាដោយសុខដុមរមនាជាសន្សឹមៗ ។ ប៉ុន្តែ មួយរយៈកាលកន្លងទៅនេះ អាមេរិកបានបង្កើនសម្ព័ន្ធភាពយោធានិងជំរុញការបដិបក្ខគ្នាជាក្រុមឥតឈប់ឈរ ដើម្បីអនុវត្តគោលដៅជាយុទ្ធសាស្ត្រដែលចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន និងរក្សាអនុត្តរភាពរបស់ខ្លួនលើពិភពលោកទាំងមូល ដែលបណ្តាលឱ្យស្ថានការណ៍នៅអាស៊ីប៉ាស៊ីហ្វិកកើតមានបម្រែបម្រួលយ៉ាងខ្លាំង ។ ដោយឡែក រដ្ឋាភិបាលអាណត្តិថ្មីរបស់ប្រទេសហ្វីលីពីនបានបំផ្លាញគំនិតឯកភាពរួមអំពីសម្រុទចិនខាងត្បូង ហើយបង្ករឿងឥតឈប់ឈរនៅថ្មប៉ប្រះទឹកRen’ai និងកោះHuangyan ព្រមទាំងបានធ្វើសមយុទ្ធយោធាដោយទ្រង់ទ្រាយធំជាមួយកងទ័ពអាមេរិកទៀតផង។ នេះបើយោងតាមគេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ។ 

      CCFR China state-controlled media បន្តថា ៖ អាមេរិកតែងតែនិយាយបានតែមាត់ថា នឹងគាំពារ “សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើក្បួនច្បាប់ ”  និងគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ហើយបានក្លែងខ្លួនឯងជាអ្នកការពារសន្តិភាពក្នុងតំបន់ និងជាអ្នកគាំពារសមភាពនិងយុត្តិធម៌ ប៉ុន្តែបើមើលពីសំបកក្រៅ អាមេរិកហាក់ដូចជាបានបង្កើនទំនាក់ទំនងភាពជាដៃគូជាមួយសម័្ពន្ធមិត្ត គាំទ្រសម័្ពន្ធមិត្តទប់ទល់នឹងការគំរាមកំហែង និងគាំពារសេរីភាពនាវាចរណ៍នៅសមុទ្រអន្តរជាតិ ប៉ុន្តែកលល្បិចនៅពីក្រោយនេះ គឺតើធ្វើយ៉ាងណាទើបអាចប្រើប្រាស់ប្រទេសផ្សេងទៀតមកទប់ស្កាត់ប្រទេសចិន តើធ្វើយ៉ាងណាទើបអាចបង្កការរំខានដល់ប្រទេសចិន និងតើធ្វើយ៉ាងណាទើបអាចបង្កភាពច្របូកច្របល់ក្នុងតំបន់និងរក្សាអនុត្តរភាពរបស់ខ្លួន ។

      ការសម្រេចបាននូវសន្តិភាពរួមនិងស្ថិរភាពយូរអង្វែង ជាក្តីបំណងយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលនិងប្រជាជននៃប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ជាការធានាដ៏សំខាន់ចំពោះវឌ្ឍនភាពនិងវិបុលភាពក្នុងតំបន់ផងដែរ ។ បើចង់រក្សាសន្តិភាពនិងស្ថិរភាពយូរអង្វែងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសនានាក្នុងតំបន់ត្រូវប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដ៏ម្ចាស់ការនិងកិច្ចសហប្រតិបតិ្តការរួម ។ គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់ការណែនាំដ៏ត្រឹមត្រូវដល់ការកសាងសន្តិសុខនៃកិច្ចសហប្រតិបតិ្តការក្នុងតំបន់ និងសម្រេចបាននូវសន្តិភាពដ៏យូរអង្វែង ។

      ទី១ ត្រូវប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដ៏ម្ចាស់ការ ប្រទេសនានាសុទ្ធតែត្រូវសម្រេចកិច្ចការសន្តិសុខជាតិដោយឯករាជ្យនិងម្ចាស់ការ ចៀសវាងកុំឱ្យក្លាយជាកូនអុកក្នុងការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ ។ ទី២ ត្រូវប្រមូលផ្តុំគំនិតឯកភាពរួមខាងសន្តិសុខ ប្រឆាំងការបង្កើនសម័្ពន្ធភាពយោធាសម្រាប់ធ្វើការបដិបក្ខជាក្រុម ប្រឆាំងការបង្កើតសន្តិសុខរបស់ខ្លួនលើអសន្តិសុខរបស់ប្រទេសដទៃទៀត ។ ទី៣ ត្រូវគ្រប់គ្រងការខ្វែងគំនិតឱ្យបានសមស្រប  ប្រកាន់ខ្ជាប់ការធ្វើកិច្ចសន្ទនានិងពិគ្រោះពិភាក្សា ធ្វើការប្រាស្រ័យទាក់ទងដ៏មានប្រសិទ្ធភាព ចៀសវាងពីការចាត់ប្រតិបតិ្តការជាឯកតោភាគីដែលបណ្តាលឱ្យស្ថានការណ៍ឡើងកម្តៅ ។ ចុងក្រោយ ត្រូវជំរុញកិច្ចសហប្រតិបតិ្តការរួម គោរពនិងពង្រីកតួនាទីជាស្នូលរបស់អាស៊ានក្នុងកិច្ចការសន្តិសុខតំបន់ ពន្លឿនកិច្ចពិគ្រោះពិភាក្សាអំពី «ក្រមប្រតិបតិ្តសមុទ្រចិនខាងត្បូង» និងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតសហគមន៍រួមសន្តិសុខអាស៊ីប៉ាស៊ីហ្វិកដែលអាចពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ។

      ដូចប្រសាសន៍របស់លោក Dong Jun  រដ្ឋមន្ត្រីការពារជាតិចិនដែលបានលើកឡើងក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាថា បច្ចុប្បន្ននេះ ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងមានស្ថិរភាពជាទូទៅ នេះគឺបានមកដោយកិច្ចខិតខំប្រឹងរួមរបស់ប្រទេសក្នុងតំបន់ ។ ប៉ុន្តែ តាមពិតទៅ ក៏មានប្រទេសមួយចំនួនតូច បង្ករឿងដោយមានការគ្រោងទុកក្រោមការញុះញង់អុជអាលពីកម្លាំងខាងក្រៅ រហូតដល់មិនអើពើនឹងផលប្រយោជ៍រួមនៃប្រទេសក្នុងតំបន់ ដែលបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ធ្វើយ៉ាងនេះចុងក្រោយច្បាស់ជានឹងនាំភ្លើងដុតខ្លួនឯងជាមិនខាន។

អំពីរឿងនេះ ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡា លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ក្នុងនាមជាសមាជិករបស់អាស៊ាន កម្ពុជារំពឹងថាប្រទេសនានានៅសមុទ្រចិនខាងត្បូងនឹងដោះស្រាយជម្លោះអំពីអធិបតេយ្យភាពនៃដែនសមុទ្រដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងកិច្ចព្រមព្រៀង ជឿជាក់ថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងនៃបណ្តាភាគីនានា អាស៊ានអាចស្វែងរកបាននូវដំណោះស្រាយប្រកបដោយតុល្យភាពដែលបណ្តាភាគីនានាសុទ្ធតែអាចទទួលយកបាន ។

      តំបន់អាស៊ីប៉ាស៊ីហ្វិកជាគ្រួសាររួមរបស់ប្រទេសក្នុងតំបន់ សន្តិភាពនិងស្ថិរភាពជាផលប្រយោជន៍រួមនៃប្រទេសក្នុងតំបន់ ហើយក៏ជាចរន្តយុគសម័យដែលមិនអាចរារាំងបាន ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់ទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ បរិយាបន្នជារៀងរហូត ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាពជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ក្នុងន័យរួមគ្នាគាំពារសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាពដែលបានមកដោយមិនងាយទេ ដើម្បីរួមគ្នាកសាងមហាគ្រួសារដ៏ល្អបវរ៕

ដោយ ៖ សិលា


ចែករំលែក៖