ខ្សែបម្រើឆ្នើម Kevin de Bruyne របស់ក្លិបមេឃខៀវ Manchester City បាននិយាយថា គាត់ “បើកចំហចំពោះអ្វីគ្រប់យ៉ាង” នៅពេលដែលគាត់បានពិភាក្សាអំពីលទ្ធភាពនៃការផ្លាស់ប្តូរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកវ័យ៣២ឆ្នាំរូបនេះនៅសល់កុងត្រាមួយឆ្នាំទៀតនៅ Man City ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Premier League ៦ដង និង Champions League ម្តងចាប់តាំងពីចូលរួមនៅក្នុងឆ្នាំ២០១៥។
De Bruyne បាននិយាយថា កិច្ចសន្យាមិនគួរឱ្យជឿដែលត្រូវបានផ្តល់ជូននៅក្នុង Saudi Pro League អាចជាការអំពាវនាវដល់ចុងបញ្ចប់នៃអាជីពរបស់គាត់ ហើយបានពន្យល់ថាគាត់បានពិភាក្សាអំពីអនាគតរបស់គាត់ជាមួយប្រពន្ធរបស់គាត់។
កីឡាកររូបនេះនិយាយថា “ខ្ញុំនៅមានកុងត្រាមួយឆ្នាំទៀត ដូច្នេះខ្ញុំត្រូវគិតអំពីអ្វីដែលអាចកើតឡើង។ កូនច្បងរបស់ខ្ញុំឥឡូវនេះមានអាយុ៨ឆ្នាំហើយ ហើយមិនដឹងអ្វីក្រៅពីអង់គ្លេស។ គាត់ក៏សួរថាតើខ្ញុំនឹងលេងនៅ Man City ដល់ពេលណា។ នៅពេលដែលពេលវេលាមកដល់ យើងនឹងត្រូវដោះស្រាយវាតាមរបៀបជាក់លាក់មួយ។ នៅអាយុរបស់ខ្ញុំ អ្នកត្រូវតែបើកចំហចំពោះអ្វីគ្រប់យ៉ាង។ អ្នកនិយាយអំពីចំនួនដែលមិនគួរឱ្យជឿនៅក្នុងអ្វីដែលអាចជាចុងបញ្ចប់នៃអាជីពរបស់ខ្ញុំ ពេលខ្លះអ្នកត្រូវគិតអំពីរឿងនោះ”។
De Bruyne បានបញ្ជាក់ថា ប្រសិនបើគាត់ចំណាយពេល២ឆ្នាំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត គាត់នឹងអាចរកប្រាក់បានច្រើនមិនគួរឱ្យជឿ។
ប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះដែលត្រៀមសម្រាប់ Euro 2024 បានអវត្តមានជិត៥ខែនៃរដូវកាលមុនដោយសារតែរបួស ខណៈដែល Man City ឈ្នះជើងឯកលីកជាលើកទី៤ជាប់ៗគ្នា ដោយលេងបានត្រឹមតែ២៦ប្រកួតប៉ុណ្ណោះក្នុងគ្រប់ការប្រកួត៕
ដោយ៖ ភារៈ (រូបភាព ៖ BBC)