ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើងបង្ហោះម៉ូតូ​នៅស្រុកអង្គស្នួល​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ បង្រ្កាប​និងឃាត់ខ្លួន​ ៦នាក់

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ កម្លាំងសមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ បានធ្វេី​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ក្រុមក្មេងទំនើងបង្ហោះម៉ូតូ​ប្រចាំស្រុកអង្គស្នួល​ ចំនួន​ ០៦នាក់​ យកមកសាកសួរ​ ដេីម្បី​អនុវត្ត​តាមច្បាប់​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខេត្ត​កណ្ដាល​ បានឱ្យដឹងនៅព្រឹកថ្ងៃ​០៥​ ខែមិថុនា​ ឆ្នាំ​២០២៤។ 

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានកិច្ចប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនើង(បង្ហោះម៉ូតូ)​ កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៩​ និង៥០នាទី នៅចំណុចផ្លូវបេតុងក្នុងបុរីHM ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

យោងតាម​ដំណើរ​រឿងហេតុ​ បានឱ្យដឹងថា​ កម្លាំងប៉ុស្ដិ៍ក្រាំងម្កាក់ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កាលពីយប់មិញនេះ​ បានចេញល្បាតនៅក្នុងភូមិសាស្ដ្រ ហើយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថានៅចំណុចកើតហេតុ មានបក្ខពួកជនសង្ស័យចំនួន០៦នាក់ ជិះម៉ូតូចំនួន០៤គ្រឿង និងបានធ្វើសកម្មភាពបង្ហោះម៉ូតូ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចប៉ុស្ដិ៍ក្រាំងម្កាក់ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក បានទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់រួមទាំងមធ្យោបាយម៉ូតូបួនគ្រឿង នាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ច បក្ខពួកជនសង្ស័យទាំង៦នាក់បានឆ្លើយសារភាពថាពួកខ្លួនបានបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន ហើយពួកខ្លួនធ្លាប់ធ្វើសកម្មភាពបង្ហោះម៉ូតូបានបីលើកមកហើយ ។

គួរបញ្ជាក់ថា​ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងធ្វើការអប់រំរយៈពេល៣៦ម៉ោងនៅអធិការដ្ឋាននគរបាលស្រុក ហើយអញ្ជើញឪពុកម្តាយមកទទួលយកទៅអប់រំនៅផ្ទះបន្ត៕

ដោយ​៖ តារា​


ចែករំលែក៖