ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ កម្លាំងនគរបាលស្រុកបាកាន បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ គឺលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរងស្រុក បានចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទុំ ថន ភេទប្រុស អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។
បេីតាមការបញ្ជាក់ពីលោកអធិការ នាង វុធ បានឲ្យដឹងថា ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី១នាក់) ១-ឈ្មោះ ទុំ ថន អាយុ៤៣ឆ្នាំ ភេទប្រុស រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ២-ឈ្មោះ ពៅ អូនរ័ត្ន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ៣-ឈ្មោះ មួង ចាន់រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរបាក្រងកណ្តាល សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ ទម្ងន់៦៨.៦៣ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,កូនថង់រំលែកថ្នាំមួយចំនួនធំ ,ប្រដាប់ជក់២កំប្លេ ,ដែកកេះចំនួន៣ ,អំពូលសំរាប់ជក់ចំនួន៤ ,ទុយយោចូករំលែកថ្នាំចំនួន២ ,ទូរសព្ទដៃចំនួន២គ្រឿង ,កន្រ្តៃចំនួន១ ,ប្រអប់ក្រដាសវិចខ្ចប់គ្រឿងញៀនចំនួន១ ,កាបូបក្រណាត់ពណ៌ខ្មៅលាយលឿងចំនួន១ ,លុយដុល្លារចំនួន១០០ ដុល្លារ និងលុយខ្មែរចំនួន២៥០.០០០ រៀល។