ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តស្វាយរៀង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនដែលត្រូវចោទ៥នាក់ និងក្មេងទំនើង ០១នាក់ធ្វើសកម្មភាពយកដុំថ្ម គុបលើម៉ូតូរបស់ជនរងគ្រោះ ទៅពន្ធនាគារខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ សាលាដំបូងខេត្ត ស្វាយរៀង ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនដែលត្រូវចោទ៥នាក់ និងក្មេងទំនើង ០១នាក់ ធ្វើសកម្មភាពយកដុំថ្ម គុបលើម៉ូតូរបស់ជនរងគ្រោះ ទៅពន្ធនាគារខេត្តស្វាយរៀងរួចហើយ។

យោងតាមសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថាកាលពីយប់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីជនសង្ស័យមានគ្នាចំនួន ០៥នាក់ បានធ្វើសកម្មភាពគាស់តូបលក់ដូររបស់ប្រជាពលរដ្ឋម្នាក់ នៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានធ្វើការស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់ខ្លួនបានជនសង្ស័យទាំង ០៥នាក់ ប្រុស និងដកហូតវត្ថុតាង រួមមាន ម៉ូតូ ០១គ្រឿង និងភេសជ្ជៈមួយចំនួន។

ប្រភពបន្តថា ជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ។

ចំណែកនៅ អធិការដ្ឋាននគរបាលស្រុករមាសហែក ឃាត់ខ្លួនក្មេងទំនើង ០១នាក់ ក្នុងចំណោមបក្សពួក ដែលបានធ្វើសកម្មភាពអុកឡុកក្នុងមូលដ្ឋានកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។

កម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុក សហការជាមួយកម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ត្រាច ឃាត់ខ្លួនក្មេងទំនើង ០១នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ ដែលបានធ្វើសកម្មភាពយកដុំថ្ម គុបលើម៉ូតូរបស់ជនរងគ្រោះ ០២នាក់ បណ្តាលអោយខូចខាត។

ក្មេងទំនើង រួមទាំងវត្ថុតាង បានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត យកមកចាត់ការតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖