ភ្នំពេញ ៖ មានជនជាតិចិនមួយក្រុម ទំនងជាមានទំនាស់គ្នានៅខាងក្នុង KTV រួចពេលដើរចេញមកក្រៅដកកាំភ្លើងខ្លីបាញ់រះក្លិបយីហោហ្គេនធីជាច្រើនគ្រាប់ហើយក៏គេចខ្លួនបាត់អស់ នៅវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិនដែលបាញ់រះខាងលេី រួមនឹងបក្ខពួកមួយក្រុម បាននាំគ្នាចូលទៅផឹកស៊ីនៅខាងក្នុងនិងនាំគ្នាលូកលាន់បំពានរាងកាយទៅលើនារីដែលបម្រើកាងារ ។ ពេលនោះនារីៗអ្នកបម្រើមិនព្រមឱ្យប៉ះពាល់ ទើបក៏មានចិត្តខឹងរួចនាំគ្នាដើរចេញមកខាងក្រៅ ដកកាំភ្លើងខ្លីបាញ់រះចូលទៅក្នុងហាង រួចជិះឡានចេញទៅអស់ភ្លាមៗ ។
តាមប្រភពដដែលបានបន្តថា ករណីបាញ់រះនេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ ដោយខូចខាតតែសម្ភារៈមួយចំនួន ដូចជាកញ្ចក់ និងរថយន្តដែលចតនៅខាងមុខហាង ។ ក្នុងករណីនេះ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងកម្លាំងផ្នែកទំនាញ បានចុះធ្វើការស្រាវជ្រាវនិងធ្វើកំណត់ហេតុ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ក្រុមទាំងនោះ យកមកផ្ដន្ទាទោសតាមច្បាប់ផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ