អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » បានផ្សាយ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ថា ៖ ព្រឹកថ្ងៃទី១៧ខែមិថុនាតាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិននិងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានរៀបចំធ្វើកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីចិននិងអូស្ត្រាលីជុំទី៩នៅវិមានរដ្ឋសភាក្រុងកង់បេរ៉ា ។
លោក Li Qiang បានលើកឡើងថា លក្ខណៈពិសេសនៃទំនាក់ទំនងរវាងចិននិងអូស្ត្រាលីគឺផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមក ការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងអូស្ត្រាលីគឺជាកាលានុវត្តភាពរវាងគ្នានិងគ្នាតែមិនមែនជាការប្រឈមទេ ។ ភាគីចិនរីករាយធ្វើការរួមជាមួយភាគីអូស្ត្រាលីដើម្បីប្រកាន់ខ្ជាប់តួនាទីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រីកទ្រង់ទ្រាយពាណិជ្ជកម្មជាបន្តបន្ទាប់និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យរថយន្តអគ្គិសនីនិងការផលិតថាមពលអគ្គិសនីដើរដោយថាមពលអាចកកើតឡើងវិញជាដើម ។ រំពឹងថា ភាគីអូស្ត្រាលីនឹងផ្តល់បរិយាកាសអាជីវកម្មដែលប្រកបដោយយុត្តិធម៌ សមភាពនិងមិនរើសអើងដល់សហគ្រាសចិន ព្រមទាំងផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោក Anthony Albanese បានថ្លែងថា ភាគីអូស្ត្រាលីប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ មិនគាំទ្រ “តៃវ៉ាន់ឯករាជ្យ” ។ ភាគីអូស្ត្រាលីរីករាយធ្វើការរួមជាមួយភាគីចិនដើម្បីរក្សាកិច្ចសន្ទនានិងការផ្លាស់ប្តូរ ធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជន ការការពារបរិស្ថាននិងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើមមានភាពកាន់តែស៊ីជម្រៅ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងអូស្ត្រាលីនិងចិនទទួលបានការកែលម្អនិងអភិវឌ្ឍជាបន្តបន្ទាប់ ។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នាប្រកាន់ខ្ជាប់តួនាទីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងនិន្នាការអភិវឌ្ឍន៍ដែលកែលម្អទំនាក់ទំនងរវាងចិននិងអូស្ត្រាលី ក៏ដូចជារួមគ្នាគាំពារសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក ។ ភាគីចិនក៏បានសម្រេចចិត្តលើកលែងទិដ្ឋាការដល់ពលរដ្ឋអូស្ត្រាលីដោយឯកតោភាគី ។
បន្ទាប់ពីបញ្ចប់កិច្ចជំនួបពិភាក្សា ភាគីទាំងពីរបានចេញផ្សាយ«សេចក្តីថ្លែងការណ៍ស្តីពីសមិទ្ធផលរួមនៃកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីចិននិងអូស្ត្រាលី»៕
ដោយ ៖ សិលា