សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសចិនបានព្រមានថា ការកើនឡើងនៃភាពតានតឹងជាមួយសហភាពអឺរ៉ុប ជុំវិញការនាំចូលយានយន្តអគ្គិសនី អាចនាំឱ្យមាន «សង្គ្រាមពាណិជ្ជកម្ម»។ ការព្រមាននេះធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានមកដល់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីការដាក់ពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន។
ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោក Robert Habeck មកកាន់ប្រទេសចិន គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់អឺរ៉ុប ចាប់តាំងពីទីក្រុង Brussels បានស្នើដាក់ពន្ធធ្ងន់លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន។ វិធានការនេះបានបង្កឱ្យមានការតបតពីសំណាក់ប្រទេសចិន និងការរិះគន់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំចិន។
គួរកត់សម្គាល់ផងដែរថា លោក Habeck មកពីគណបក្ស Greens ដែលជាដៃគូចំណុះក្នុងរដ្ឋាភិបាលចម្រុះរបស់អាល្លឺម៉ង់ បានរិះគន់ឯកសារយុទ្ធសាស្ត្រចិនរបស់ទីក្រុង Berlin ដែលជាគោលនយោបាយផ្លូវការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលរៀបចំឡើងដើម្បីកំណត់ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន ថា «ហួសសម័យ និងមិនស្របនឹងជំហររបស់សហភាពអឺរ៉ុបចំពោះចិន»។
ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តចិនបានជំរុញឱ្យទីក្រុងប៉េកាំង ដំឡើងពន្ធលើការនាំចូលរថយន្តដើរដោយសាំងពីអឺរ៉ុប ហើយរដ្ឋាភិបាលចិនបានបើកការស៊ើបអង្កេតលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុប ដើម្បីជាការសងសឹកចំពោះចំណាត់ការរបស់គណៈកម្មការអឺរ៉ុប។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា «ភាគីអឺរ៉ុបបន្តធ្វើឱ្យភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែកើនឡើង ហើយអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ ការទទួលខុសត្រូវគឺស្ថិតនៅលើភាគីអឺរ៉ុបទាំងស្រុង»។
សេចក្តីថ្លែងការណ៍នេះបានបន្តថា អឺរ៉ុបបាន «គំរាមកំហែង និងបង្ខិតបង្ខំសហគ្រាសចិន គំរាមកំហែងដាក់ពន្ធខ្ពស់ និងទាមទារព័ត៌មានទូលំទូលាយហួសហេតុ»៕
ដោយ៖ ធីរីណា(រូបថត៖ plo.vn)