ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤។ ពិធីនេះ រៀបចំនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ចំនួន១៧លើក គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ។
ការប្រារព្ធទិវានេះ ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត។ ការប្រារព្ធទិវានេះ បង្ហាញឱ្យឃើញអំពីគុណូបការៈរបស់អតីតយុទ្ធជនក្នុងការលះបង់ ប្ដេជ្ញា និងមានឆន្ទៈមោះមុតក្នុងការស្នេហាជាតិមាតុភូមិ ការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គមសំដៅដល់ការធានា ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
លើសពីនេះ ការប្រារព្ធទិវានេះ ក៏បង្ហាញឱ្យឃើញអំពីការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបស្នងសងគុណដល់អតីតយុទ្ធជន ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ កម្លាំងចិត្ត សាច់ស្រស់ និងឈាម ស្រស់ក្នុងការប្រយុទ្ធតស៊ូ ប្តូរផ្តាច់ និងពលិកម្មដើម្បីដណ្ដើមយកសុខសន្តិភាព ស្ថិរភាពសង្គមជូន ជាតិមាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងចង់ឱ្យអ្នកជំនាន់ក្រោយយកគំរូតាមអតីតយុទ្ធជន ក្នុងការបន្តរក្សា សុខសន្តិភាព ស្ថិរភាពសង្គម និងជួយបន្តឆន្ទៈមនសិការស្នេហាជាតិ ដោយរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ផ្អែកលើគុណបំណាច់ខាងលើ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អតីតយុទ្ធជន ពិសេសការដាក់ឱ្យអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន ដោយយកចិត្តទុក ដាក់ដោះស្រាយជីវភាពតាមរយៈការផ្តល់ជាថវិកា និងសម្ភារៈជាបន្តបន្ទាប់។ បច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩,០៣៤នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៤៩,០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ។
សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្ដោតការយកចិត្តទុកដាក់ និងផ្ដល់នូវការគាំពារជាបន្ដបន្ទាប់ដល់អតីតយុទ្ធជនកម្ពុជា ដើម្បីជាការតបស្នងនូវអ្វីដែលអតីតយុទ្ធជនបានលះបង់សម្រាប់មនុស្សជំនាន់ក្រោយ។
ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ សម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ សរុបមានចំនួន ៥,៥៦៩ខ្នង។ ក្នុងនោះឆ្នាំ២០២៣ បានសាងសង់ផ្ទះ ចំនួន៤៥១ខ្នង, ក្នុងខេត្តកំពង់ចាម ចំនួន១០ខ្នង, ខេត្តកំពង់ឆ្នាំង ចំនួន១០ខ្នង, ខេត្តព្រៃវែង ចំនួន ២០ខ្នង, ខេត្តស្វាយរៀង ចំនួន១២៥ខ្នង, ខេត្តឧត្តរមានជ័យ ចំនួន ១៧៥ខ្នង, ខេត្តត្បូងឃ្មុំ ចំនួន១០៧ខ្នង, ខេត្តព្រះវិហារ ចំនួន៣ខ្នង និងខេត្តប៉ៃលិន ចំនួន១ខ្នង។
សាលារៀន ១ខ្នង ៦បន្ទប់ (នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត)។ សាលារៀន ១ខ្នង ១២បន្ទប់ អគារទីចាត់ការ ១ខ្នង អគារស្នាក់នៅគ្រូ ១ខ្នង ២០បន្ទប់ អាគារជំងឺទូទៅ ១ខ្នង ១៦បន្ទប់ អគារវះកាត់ ១ខ្នង ៩បន្ទប់ និងអគារស្នាក់នៅពេទ្យ ១ខ្នង ២០បន្ទប់ (នៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង)។
សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតវិញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈអាទិភាពមួយចំនួន រួមមាន៖
*ទី១៖ ការបន្តអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ការអនុវត្តរបបសន្តិសុខសង្គម និងការបន្តពង្រីក សេវាថែទាំសុខភាពសង្គម ឆ្ពោះទៅដល់ការគ្របដណ្ដប់សុខភាពសកល ស្របតាមការវិវឌ្ឍនៃស្ថានភាព សង្គម-សេដ្ឋកិច្ច
*ទី២៖ ការជំរុញ និងការបង្កើនសុខុមាលភាពនៃគ្រួសារក្រីក្រ គ្រួសារយុទ្ធជនមានពិការភាព ពលី មរណៈ និងគ្រួសារអតីតយុទ្ធជន ដោយផ្តល់ការគាំពារនានា រួមទាំង ការបន្តធ្វើប្រទានកម្មដី និងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់លំនៅឋាន និងកសិកម្ម៕
ដោយ៖ តារា