សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់មីស៉ីលបាលីស្ទីកមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង និយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះនេះ ប៉ុន្តែមិនទាន់អាចលម្អិតព័ត៌មានបានទេ ដោយសារតែការវិភាគកំពុងដំណើរការ។ ការិយាល័យរបស់ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់តាមបណ្តាញសង្គម X ថា កូរ៉េខាងជើង បានបាញ់មីស៉ីលមួយគ្រាប់សង្ស័យថាជាមីស៉ីលបាលីស្ទីក ឆ្ពោះទៅកាន់សមុទ្រខាងកើត ដែលគេស្គាល់ថាជាសមុទ្រជប៉ុន ហើយមិនអាចមកដល់ប្រទេសជប៉ុនឡើយ។ ដោយឡែក កូរ៉េខាងជើង មិនទាន់ចេញមកបញ្ជាក់ទេ ជុំវិញការអះអាងនេះ។
សេចក្តីរាយការណ៍អំពីការបាញ់មីស៉ីលនេះ កើតមានឡើងចំពេលភាពតានតឹងឆ្លងព្រំដែនកាន់តែកើនឡើង ខណៈកូរ៉េខាងជើង ទើបនឹងបានបញ្ជូនបាឡុងផ្ទុកសំរាមចូលទឹកដីកូរ៉េខាងត្បូង៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN