ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តអគ្គិសនីចិនរួមចំណែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍបៃតង

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ក្រោយពីពេលដែលពិភពលោកឈានចូលយុគសម័យទំនើប ផលប៉ះពាល់ចំពោះបរិស្ថានដែលបណ្តាលមកពីការអភិវឌ្ឍជ្រុលនូវឧស្សាហកម្មប្រពៃណីបានក្លាយជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ដូចនេះ បណ្តាប្រទេសនានាបាននាំគ្នារិះរកគ្រប់វិធានការដើម្បីប្រែក្លាយពីការអភិវឌ្ឍដែលជាថ្នូរជាមួយនឹងការប៉ះពាល់ដល់បរិស្ថានទៅជាការអភិវឌ្ឍបៃតងវិញ ។

 បន្ទាប់ពីដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង ប្រទេសចិនក៏ចាប់ផ្តើមអនុវត្តវិធានការពាក់ព័ន្ធមួយចំនួន ក្នុងនោះ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការបញ្ចេញកាបូនក្នុងជីវភាពប្រចាំថ្ងៃជាភារកិច្ចគន្លឹះមួយ ។ កាលពីមុន នៅតាមទីក្រុងធំៗរបស់ចិន រថយន្តប្រើសាំងជាមធ្យោបាយធ្វើដំណើរដែលមិនអាចខ្វះបាន ។ យ៉ាងណាមិញ ចាប់ពីឆ្នាំ ២០០១ មក រដ្ឋាភិបាលចិនបានដាក់បញ្ចូលការផលិតនិងអភិវឌ្ឍរថយន្តថាមពលថ្មីឬរថយន្តអគ្គិសនីជាគម្រោងសំខាន់នៃគោលនយោបាយជាតិ ។

 «CCFR China state-controlled media » នេះអត្ថបទដោយ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន បានបន្តថា ៖ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ បច្ចេកទេសផលិតរថយន្តអគ្គិសនីរបស់ចិនមានភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្នុងដំណាក់កាលដំបូងដែលសាកល្បងឱ្យប្រើប្រាស់រថយន្តអគ្គិសនី រដ្ឋាភិបាលចិនបានលើកទឹកចិត្តឱ្យពលរដ្ឋដែលមិនទាន់មានរថយន្តប្រើប្រាស់ទិញរថយន្តអគ្គិសនីជំនួសរថយន្តប្រើសាំង ដោយបានជួយឧបត្ថម្ភប្រាក់មួយចំនួនសម្រាប់ទិញ ។

 ពីដំបូង ការពិបាករកកន្លែងសាកអគ្គិសនីជាកង្វល់ដែលនាំឱ្យអ្នកប្រើប្រាស់ជាច្រើនមិនសូវចង់ទិញរថយន្តអគ្គិសនីទេ តែក្រោយមក ស្ថានីយឬទីតាំងសម្រាប់សាកអគ្គិសនីបានដាក់ពង្រាយតាមដងវិថីមួយចំនួនធំ តាមអង្គភាពការងារនិងតាមសហគមន៍រស់នៅ ពោលគឺអាចសាកអគ្គិសនីឱ្យរថយន្តបានយ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត ។ 

 អ្វីដែលគួររំលឹកគឺថា រថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនមិនត្រឹមត្រូវសន្សំសំចៃថាមពលនិងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែស្របតាមការវិវឌ្ឍរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រថយន្តអគ្គិសនីមានភាពស្រស់ស្អាត ទំនើបនិងវៃឆ្លាត ដែលបំពេញតាមតម្រូវការទាំងផ្នែកសោភណភាពផងនិងផ្នែកប្រើប្រាស់ផង ។

 ប្រទេសចិនបានដាក់ចេញគោលដៅ«កាបូនពីរ»  ពោលគឺការសម្រេចបាននូវការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅឆ្នាំ ២០៣០ និងអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៦០ ។ ក្នុងន័យនេះ ការប្រើប្រាស់រថយន្តអគ្គិសនីជាវិធានការសំខាន់មួយដើម្បីកាត់បន្ថយការបញ្ចេញកាបូនក្នុងជីវភាពប្រចាំថ្ងៃ និងបានក្លាយជាចរន្តសំខាន់ដែលប្រជាពលរដ្ឋចូលរួមចំណែកដោយផ្ទាល់ក្នុងផែនការអភិវឌ្ឍន៍បៃតងរបស់ប្រទេសជាតិ ។

 តាមទិន្នន័យដែលប្រកាសដោយសម្ព័ន្ធទិន្នន័យធំនៃរថយន្តអគ្គិសនីជាតិចិនឱ្យដឹងថា ពីខែមករាដល់ខែមីនាឆ្នាំ ២០២៤ រថយន្តអគ្គិសនីនៅទូទាំងប្រទេសចិនបានរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញកាបូនសរុប ២៥.១៧ លានតោន ដែលកើនឡើង ៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ បើតាមការស្រាវជ្រាវរបស់ប្រទេសប្រេស៊ីល រថយន្តអគ្គិសនីរត់ចម្ងាយមួយគីឡូម៉ែត្របញ្ចេញកាបូន ១៥១ ក្រាម ឯរថយន្តប្រើសាំងបញ្ចេញកាបូន ២៩១ ក្រាម ច្រើនជាងរថយន្តប្រើអគ្គិសនីសុទ្ធជិតទ្វេដង ។ ចំណែកការសិក្សាស្រាវជ្រាវរបស់សហរដ្ឋអាមេរិកវិញឱ្យដឹងថា រថយន្តអគ្គិសនីរត់ចម្ងាយមួយគីឡូម៉ែត្របញ្ចេញកាបូន ១៨០ ក្រាម ឯរថយន្តប្រើសាំងបញ្ចេញកាបូន ២៦០ ក្រាម ច្រើនជាងរថយន្តប្រើអគ្គិសនីសុទ្ធជិត ១.៥ ដង ។

 តាមទិន្នន័យខាងលើយើងអាចយល់ដឹងយ៉ាងច្បាស់ថា រថយន្តអគ្គិសនីបានដើរតួនាទីមិនអាចខ្វះបានក្នុងការធ្វើបរិវត្តកម្មពីការអភិវឌ្ឍបែបប្រពៃណីទៅជាការអភិវឌ្ឍបៃតង ហើយប្រទេសចិនក៏មានឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ ។

 ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដែលមានភាពចាស់ទុំមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគនៅប្រទេសជាច្រើនដើម្បីចែករំលែកបទពិសោធនិងផ្តត់ផ្គត់ផលិតផលបៃតងដល់ប្រជាជនលើពិភពលោក ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញកាបូន ។ ប៉ុន្តែជាការសោកស្តាយ ការស្ទុះឡើងនៃសហគ្រាសផលិតរថយន្តអគ្គិសនីចិនដែលបានចំណាយពេលខិតខំស្រាវជ្រាវនិងអភិវឌ្ឍអស់រយៈពេលរាប់សិបឆ្នាំទម្រាំបានសមិទ្ធផលដូចសព្វថ្ងៃបែរជារងការច្រណែនឈ្នានីសពីប្រទេសមួយចំនួន ហើយមួលបង្កាច់និងលាបពណ៌ថាផលិតកម្មរថយន្តអគ្គិសនីរបស់ចិនមានអតិរេក និងត្រៀមដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីរបស់ចិន ។

បើតាមស្ថិតិ ការផ្គត់ផ្គង់រថយន្តអគ្គិសនីក្នុងប្រទេសចិនមិនទាន់អាចបំពេញតាមតម្រូវការផង ចុះមានអតិរេកមកពីណា ? ពិសេសបច្ចុប្បន្ននេះ មានប្រទេសជាច្រើនទើបចាប់ផ្តើមធ្វើបរិវត្តកម្មបៃតង និងទើបចាប់ផ្តើមប្រើប្រាស់រថយន្តអគ្គិសនីជំនួសឱ្យរថយន្តប្រើសាំង យើងមិនពិបាកមើលឃើញទេថា តម្រូវការចំពោះរថយន្តអគ្គិសនីមានតែច្រើនឡើងៗ ដូច្នេះការលើកឡើងថាមានអតិរេកជាគំនិតគ្មានឡូហ្ស៊ីក និងដើម្បីធ្វើជាលេសគាបសង្កត់សហគ្រាសចិនតែប៉ុណ្ណោះ ។ យ៉ាងណាមិញ ប្រទេសភាគច្រើនលើសលប់រំពឹងថា ផលិតផលបៃតងរបស់ចិននឹងរួមចំណែកដល់ការអភិវឌ្ឍបៃតងរបស់ពួកគេ ។

 ការអភិវឌ្ឍប្រកបដោយចីរភាពជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ។ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍបៃតងជាភារកិច្ចចម្បងក្នុងយុគសម័យនេះ ដែលតម្រូវឱ្យប្រទេសនានាចាប់ដៃធ្វើការជាមួយគ្នា តែមិនមែនគាបសង្កត់គ្នាដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ ភពផែនដីដែលមានតែមួយគត់ត្រូវការកម្លាំងសាមគ្គីរបស់ប្រទេសនានា ដើម្បីរួមគ្នាអភិរក្សឱ្យបានគង់វង្សយូរអង្វែង ៕ 

ប្រភព ៖  «CCFR China state-controlled media »


ចែករំលែក៖