ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ ថ្លែង​ប្រសាសន៍សំខាន់ៗ​ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ នៅរសៀលថ្ងៃទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានធ្វេី​សន្និសីទសារព័ត៌មានស្ដីពី “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា”  ពីមូលដ្ឋានច្បាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា។ 

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​លោក​ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ មានដូចខាងក្រោម​៖

-លោកឧបនាយករដ្ឋមន្ត្រី​ បានថ្លែង​ថា ការដាក់កាំភ្លើងតាមខ្លួន រួចហើយក៏បាញ់មនុស្សស្លាប់ មិនមែនសុទ្ធតែជាករណីឃាតកម្មគិតទុកជាមុនឡើយ។ ប៉ុន្តែលោក ក៏ទទួលស្គាល់ថា  ការដាក់កាំភ្លើងតាមខ្លួនរបស់បុគ្គលមួយចំនួនតូច គឺមានគម្រោងរៀបចំធ្វើឃាតអ្នកដទៃ។

-លោកឧបនាយករដ្ឋមន្ត្រី ថ្លែងថា​ ចាត់ទុកការផ្សាយព័ត៌មានបំភ្លៃរឿងក្ដី ឧក្រិដ្ឋជន ស្រី ស៊ីណា ផ្ទុយពីការពិត ទាំងសំណុំរឿងមិនទាន់បញ្ចប់ តុលាការមិនទាន់ចេញសាលក្រមពីសំណាក់បុគ្គលមួយចំនួន ជារឿងដ៏អាក្រក់។ 

-លោកឧបនាយករដ្ឋមន្រ្តី ថ្លែង​ថា ករណីបុរសម្នាក់កាប់​សម្លាប់ស្រ្តីម្នាក់នៅ ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃមុននោះ ពុំមែនជាប់ពន្ធនាគារ​មួយជីវិតដូចការផ្សព្វផ្សាយរបស់បណ្តាញសង្គមនោះឡើយ ខណៈករណី​របស់ជនជាប់ចោទនេះ ជាករណីឃាតកម្ម​ដោយមិនបានគិតទុកជាមុន ពោលគឺជាប់​ពន្ធនាគារត្រឹមតែ១៥ឆ្នាំតែប៉ុណ្ណោះ។

-លោកឧបនាយករដ្ឋមន្រ្តី​ សម្ដែងការខកចិត្តចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលបំភ្លៃការពិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ លោក​ គូសបញ្ជាក់ថា ករណីបុរសម្នាក់កាប់សម្លាប់ស្រ្តីម្នាក់នៅស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃមុននោះ ពុំមែនជាប់ពន្ធនាគារមួយជីវិតដូចការផ្សព្វផ្សាយរបស់បណ្តាញសង្គមនោះឡើយ ករណីនេះជនជាប់ចោទត្រូវជាប់ពន្ធនាគារត្រឹមតែ១៥ឆ្នាំតែប៉ុណ្ណោះ។

-លោកឧបនាយករដ្ឋមន្រ្តី​ បានថ្លែងប្រកាសធានាចំពោះមុខអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ បើសិនជាមានការកាត់ក្ដីណាមួយមានភាពមិនត្រឹមត្រូវ ពាក់ព័ន្ធនឹង «ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» និងស្នើឱ្យផ្ដល់ព័ត៌មានមកក្រសួងយុត្តិធម៌ បើសិនរកឃើញភាពមិនប្រក្រតីណាមួយនោះ។

-លោកឧបនាយករដ្ឋមន្រ្តី ថ្លែងប្រកាសអះអាងថា ជនល្មើស ស្រី ស៊ីណា ត្រូវតែជាប់គុកដូចអ្វីដែលតុលាការកាត់ទោស ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត ។

-លោកឧបនាយករដ្ឋមន្រ្តី បានបង្ហាញការកោតសរសើរចំពោះ គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបានចូលបកស្រាយ ពាក់ព័ន្ធនឹង «ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» បានយ៉ាងច្បាស់លាស់លើទិដ្ឋភាពច្បាប់ នៅក្នុងហ្វេសប៊ុកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ លោក​ ក៏បានប្រកាសស្វាគមន៍ ម្ចាស់គណនីហ្វេសប៊ុកនេះ ចូលរួមក្នុងការធ្វើវិសោធនកម្មក្រមរបស់កម្ពុជា។

-លោកឧបនាយករដ្ឋមន្រ្តី ថ្លែង​ថា ទោះបីជាទង្វើរបស់ជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សនៅបុរី ប៉េង ហួត កាលពីកន្លងទៅមានភាពសាហាវព្រៃផ្សៃយ៉ាងណាកដោយ ក៏វិស័យយុត្តិធម៌មិនអាចធ្វើអ្វីតាមអំពើចិត្តរបស់ខ្លួនបានឡើយក្រៅតែពីការអនុវត្តច្បាប់ ដែលបានចែងជាធរមាន។ តែយ៉ាងណាក្តី ឧក្រិដ្ឋជន ស្រី ស៊ីណា មិនត្រូវបានដាក់ឈ្មោះក្នុងបញ្ជីនៃការបន្ធូរ បន្ថយទោសនោះឡើយ ដោយសារតែសកម្មភាពឃាតកម្មរបស់ជននេះជាទង្វើកាចសាហាវ។

-លោកឧបនាយករដ្ឋមន្រ្តី ថ្លែង​ថា ករណីឃាតកម្មនៅក្នុងបុរី ប៉េង ហួត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ដែលបានបង្ករឡើងដោយ ជនល្មើស ឈ្មោះ ស្រី ស៊ីណា នោះនឹងត្រូវឃុំខ្លួនទៅតាមនីតិវិធីច្បាប់ដោយគ្មានការយោគយល់ និងអត់ឱនបានឲ្យជាដាច់ខាត។

-លោកឧបនាយករដ្ឋមន្រ្តី​ ថ្លែង​បន្តថា ជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សយ៉ាងកាចសាហាវ កាលពីកន្លងទៅនៅបុរី ប៉េង ហួត  អាចជាប់គុក ពី២០ ឬទៅ៣០ឆ្នាំ ស្របទៅតាមច្បាប់ជាធរមាន៕

ដោយ៖ តារា


ចែករំលែក៖