ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីយុត្តិធម៌បកស្រាយពីមូលហេតុដែលកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានបកស្រាយពីមូលហេតុដែលប្រទេសកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិត ដោយថាដោយយោងតាមរដ្ឋធម្មនុញ្ញ និងភាពទំនើបនៃច្បាប់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងទៅនឹងអំពើឃាតកម្មដែលប្រព្រឹត្តឡើងដោយ ស្រី ស៊ីណា នៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថាការដែលកម្ពុជាមិនធ្វើច្បាប់ប្រហារជីវិតដោយយោងតាមរដ្ឋធម្មនុញ្ញ និងភាពទំនើបនៃច្បាប់នៃប្រជាជាតិសម័យទំនើបបច្ចុប្បន្ន មួយវិញទៀតប្រទេសកម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា។

លោកថាការប្រើប្រាស់អំពើឃោឃៅដាក់ទណ្ឌកម្មទៅលើជនឧក្រិដ្ឋមិនមែនជាដំណោះស្រាយទេ។

លោកថា៖ «កម្ពុជាក៏ត្រូវបានគេទទួលស្គាល់ថាជាប្រទេសឈានមុខគេក្នុងការលុបទោសប្រហារជីវិត។ ការឆ្លើយតបទៅនៅឧក្រិដ្ឋកម្មមួយយើងអាចឆ្លើយតបតាមបែបមួយដែលមិនបង្ហាញពីភាពឃោឃៅ»។

លោកបានបញ្ជាក់ថាការប្រើប្រាស់ទណ្ឌកម្មដែលមានភាពឃោរឃៅទៅលើជនឧក្រិដ្ឋក្នុងពេលបច្ចុប្បន្នគឺមិនបង្ហាញពីប្រជាជាតិមួយដែលមានវប្បធម៌ខ្ពង់ខ្ពស់ទេ។

លោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានផ្ទាល់ និងទៅកាន់សាធារណជនតាមរយៈការផ្សាយផ្ទាល់យ៉ាងដូច្នេះថា លោកស្នើសុំតុលាការកុំឱ្យបញ្ចូលសំណុំរឿងនៃករណីឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា ទៅជាសំណុំរឿងតែមួយ និងស្នើកុំឱ្យមានការអនុវត្តវិធានស្រូបទោសលើជនល្មើសរូបនេះ។

តាមរយៈសន្និសីទសារព័ត៌មាន លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ថ្លែងថា៖ “ខ្ញុំស្នើសុំទៅតុលាការ សូមកុំឱ្យបញ្ចូលសំណុំរឿងទាំងពីរនេះទៅជាសំណុំរឿងតែមួយ និងស្នើសុំទៅតុលាការគ្រប់ជាន់ថ្នាក់ (ក្នុងករណីមានបណ្ដឹងច្រើនថ្នាក់) សុំកុំឱ្យមានការអនុវត្តវិធានស្រូបទោស ដើម្បីធានាថាជននេះនឹងត្រូវអនុវត្តទោសតាមសាលក្រម ឬសាលដីកាជាបន្តបន្ទាប់ចំពោះសំណុំរឿងទាំងពីរនេះ ដោយអនុវត្ត (ទោស) ចប់មួយចូលទៅអនុវត្ត (ទោស) ក្នុងសាលក្រមមួយទៀតបន្ត”។ ទន្ទឹមនឹងនេះ លោក កើត រិទ្ធ​ បានថ្លែងអំណរគុណទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីផ្តន្ទាទោសជនល្មើស ស្រី ស៊ីណា និងដើម្បីឱ្យជននេះរងនូវទោសជាអតិបរមាដែលសំណុំរឿងនីមួយៗ និងអាចត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ។

គួរបញ្ជាក់ថា ចំពោះសំណុំរឿងករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅដែលមានជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងបំបែកករណីនេះជា ០២ (ពីរ) សំណុំរឿង ដោយសំណុំរឿងទី១៖ (ជនរងគ្រោះស្លាប់ពីរនាក់) អយ្យការបានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ និងសំណុំរឿងទី២ (ជនរងគ្រោះរបួសពីរនាក់) អយ្យការបានធ្វើការចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ពីបទ “ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត” ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោស រហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ៕

ដោយ ៖ សិលា 


ចែករំលែក៖