សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០២៤ មន្រ្តីមួយរូបនៃទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បាននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលឆក់យកអាយុជីវិតមនុស្សជាង ១៧០នាក់ និងធ្វើឱ្យប្រហែលកន្លះលាននាក់ត្រូវផ្លាស់ទីលំនៅ នៅឯភាគខាងត្បូងប្រទេសប្រេស៉ីល គឺជាសញ្ញាព្រមានពីគ្រោះមហន្តរាយថែមទៀត នៅទូទាំងតំបន់អាមេរិក ដោយសារតែបញ្ហាអាកាសធាតុ។
មនុស្សជាង ៣៨៩,០០០នាក់ ក្នុងរដ្ឋ Rio Grande do Sul ត្រូវចាកចេញពីផ្ទះសម្បែងព្រោះតែទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលក្រុមមន្រ្តីនិយាយថា គឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រក្នុងតំបន់ ខណៈក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យទឹកជំនន់កើតមានឡើងទ្វេដង។
លោក Andrew Harper ទីប្រឹក្សាពិសេសផ្នែកអាកាសធាតុរបស់ ទីភ្នាក់ងារជនភៀសខ្លួន UNHCR បានទៅដល់សង្កាត់មួយ ពោរពេញដោយទឹកជន់លិច ក្នុងទីក្រុង Porto Alegre រដ្ឋ Rio Grande do Sul កាលពីចុងសប្តាហ៍មុន ហើយបានហៅទីនោះថា «ទីក្រុងខ្មោច»។ លោក Harper បានប្រាប់បទសម្ភាសន៍ថា «ទីក្រុងនេះស្ថិតនៅក្នុងទឹកអស់រយៈពេលជិត ៤០ថ្ងៃ។ សត្វត្រូវងាប់ ហើយគ្រប់យ៉ាងត្រូវជាប់គាំង»។
បើទោះបីជាទឹកជំនន់បានស្រកហើយក្តី ក៏អ្នកស្រុកមិនទាន់ត្រលប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញនោះទេ ខណៈដែលនៅតាមផ្លូវ គរដោយសំរាម និងកម្ទេចកម្ទី។ បើតាម លោក Harper អ្នកស្រុកនៅតំបន់រងគ្រោះខ្លាំងមួយចំនួន អាចត្រូវបង្ខំឱ្យផ្លាស់ទី ដោយសារតែទឹកជំនន់ ម្តងហើយម្តងទៀត។
មនុស្សជាច្រើនបន្តស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន រួមទាំងជនភៀសខ្លួនវេណេស៊ុយអេឡា ដែលមកតាំងទីលំនៅថ្មីក្នុងទីក្រុង Porto Alegre។ UNHCR កំពុងជួយរដ្ឋបាលតំបន់ សាងសង់ផ្ទះបណ្តោះអាសន្ន៕
ដោយ៖ ធីរីណា(រូបថត៖ AFP)