ភ្នំពេញ ៖ ក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ នារសៀលថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមុិញ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីក្រសួង ស្ថាប័ននានា កងកម្លាំងប្រដាប់អាវុធ អង្គភាពប្រឆាំងអំពើពុករលួយ ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត អង្គការ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា ស្រាវជ្រាវ រដ្ឋបាលរាជធានីខេត្ត សិស្ស និស្សិត យុវជន និងតំណាងសហគមន៍ ជាច្រើននាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះការប្រកាសឱ្យប្រើប្រាស់ ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលនឹងយកទៅប្រើប្រាស់ក្នុង បុព្វហេតុការពារបរិស្ថាននិងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនឹងសង្គម និងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកឧបនាយកដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានគំនិតផ្តួចផ្តើម ឱ្យមានការរៀបចំក្រមបរិស្ថាន និងធនធានធម្មជាតិនេះ និងចំពោះ ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ នៃក្រសួងបរិស្ថាន បណ្ដាក្រសួងស្ថាប័ន របស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធទាំង ដែលបានដឹកនាំ និងរួមចំណែក ក្នុងការរៀបចំឯកសារនេះឱ្យចេញជារូបរាងឡើង។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលត្រូវបានរៀបចំ ឡើង ដោយអនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញអំពីអាទិភាពការងារ ក្នុងការលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និង ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង»និង «ចីរភាព» សំដៅឆ្ពោះ ទៅ សម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ក្រសួងបរិស្ថាននឹងប្រើប្រាស់ក្រមបរិស្ថាន និងធនធានធម្មជាតិនេះ ជាឧបករណ៍ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ក្រមបរិស្ថាននិងធនធានធម្មជាតិ បានប្រើប្រាស់ ពេលវេលាប្រមាណ៨ឆ្នាំ ដើម្បីចងក្រងបង្កើតឡើង និងបានដាក់ឱ្យប្រើប្រាស់នាពេលនេះ។ ក្រមបរិស្ថាននិង ធនធានធម្មជាតិ ត្រូវបានចែកជា១២កន្ថី និងមានមាត្រាសរុប ៨៦៥ ហើយបានបញ្ជាក់អំពីតម្រូវការរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធចំនួន១៣១ ដើម្បីគាំទ្រ ការអនុវត្តឱ្យបានពេញលេញ។ ដើម្បីផ្សព្វផ្សាយឱ្យទូលំទូលាយ ក្នុងក្របខណ្ឌជាតិ និងសកល និងជំរុញ និងបង្កើនប្រសិទ្ធភាព នៃការចូលរួម អនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីសម្រេចបាននូវ ភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន បានធ្វើការបោះពុម្ពក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីចែកជូនដល់ បណ្តាភាគីពាក់ព័ន្ធទាំងអស់។ ទន្ទឹមនោះ ភាគីពាក់ព័ន្ធ ក៏អាចធ្វើការទាញ យកឯកសារក្រមនេះ (Download) ទាំងជាភាសារខ្មែរ និងអង់គ្លេស ពី ប្រព័ន្ធ QR-Code ដែលមានដាក់ជូនជាសាធារណៈ៕
ដោយ ៖ សិលា