អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ នាពេលថ្មីៗកន្លងទៅនេះ នៅក្រុងប៉េកាំង ប្រទេសចិនបានរៀបចំធ្វើមហាសន្និបាតរំលឹកខួបទី៧០ឆ្នាំនៃការលើកឡើងគោលការណ៍៥ ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមមហាសន្និបាត ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។
កាលពី៧០ឆ្នាំមុន ខណៈពេលប្រទេសចិនថ្មីទើបបង្កើតឡើង លោក ជូ អេងឡាយ នាយករដ្ឋមន្រ្តីចិន អ្នកបដិវត្តន៍ជំនាន់មុននៃប្រទេសចិនបានលើកឡើងប្រកបដោយលក្ខណៈស្ថាបនានូវគោលការណ៍៥ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន សម្រាប់ដោះស្រាយទំនាក់ទំនងរវាងប្រទេសនិងប្រទេស ពោលគឺគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីដល់គ្នាទៅវិញទៅមក មិនឈ្លានពានគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៅវិញទៅមក សមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រួមរស់ដោយសនិ្តសហវិជ្ជមាន ។ ឆ្លងកាត់រយៈពេល៧០ឆ្នាំ គោលការណ៍៥ប្រការនេះបានទទួលសម្គាល់ជាទូទៅពីសំណាក់បណ្តាប្រទេសនានា ហើយបានក្លាយទៅជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងគោលការណ៍មូលដ្ឋានរបស់ច្បាប់អន្តរជាតិ។
ដូចប្រសាសន៍របស់លោក Soares អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិដែលបានថ្លែងថា “គោលការណ៍៥ប្រការបានបង្ហាញជាសមូហភាពនូវកម្មវត្ថុនិងគោលការណ៍របស់ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» គឺជាមធ្យោបាយដ៏ល្អប្រសើរសម្រាប់ដោះស្រាយបញ្ហាពិបាកលើឆាកអន្តរជាតិ ” ។ ព្រមពេលជាមួយគ្នានេះ ការបង្កើតទំនាក់ទំនងរវាងប្រទេសនិងប្រទេស លើមូលដ្ឋានគោលការណ៍៥ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន គឺរឹងមាំបំផុតនិងមាននិរន្តភាពបំផុត ។
គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ បើមើលពីប្រវត្តិទំនាក់ទំនងដ៏មេត្រីភាពរវាងចិននិងកម្ពុជាអាចឃើញថា ប្រទេសចិនប្រកាន់ខ្ជាប់ផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន ប្រកាន់ខ្ជាប់ផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសកម្ពុជាក្នុងការគាំពារឯករាជ្យ អធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ ប្រឆាំងយ៉ាងដាច់ខាងចំពោះកម្លាំងខាងក្រៅដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ។ រីឯកម្ពុជាវិញ ក៏បានផ្តល់ការគាំទ្រយ៉ាងមុតមាំជាប់ជានិច្ចដល់ផលប្រយោជ៍ជាស្នូលនិងបញ្ហាធំនិងសំខាន់ដែលប្រទេសចិនយកចិត្តទុកដាក់ ភាគីទាំងពីរបានជួយយកអាសាគ្នាទៅវិញទៅមក និងរួមសុខរួមទុក្ខជាមួយគ្នា ឆ្លងកាត់ការពិសោធន៍នៃបម្រែបម្រួលស្ថានការណ៍អន្តរជាតិ ភាគីទាំងពីរបានក្លាយជាមិត្តដែកថែប ព្រមពេលជាមួយគ្នានេះ ទំនាក់ទំនងដ៏ល្អប្រសើររបស់ប្រទេសទាំងពីរក៏បានជះឥទ្ធិពលដ៏វិជ្ជមានដល់ការជំរុញវិបុលភាពនិងវឌ្ឍនភាពក្នុងតំបន់ផងដែរ ។
ដូចប្រសាសន៍របស់លោក ឯក សំអុល ប្រធានសមាគមន៍មិត្តភាពកម្ពុជា-ចិនដែលបានថ្លែងថា ទំនាក់ទំនងមិត្តដែកថែបរវាងកម្ពុជានិងចិន បានជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិន ក៏ដូចជាចិននិងអាស៊ាន ។ព្រមពេលជាមួយគ្នានេះ ក៏បានបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់រក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដែលបានជះឥទ្ធិពលដ៏វិជ្ជមានដល់កិច្ចសហប្រតិបតិ្តការក្នុងតំបន់ផងដែរ ។
នៅឆ្នាំ២០១៥ ដើម្បីឆ្លើយតបនឹងការសាកល្បងជាច្រើនបែបយ៉ាងដែលប្រព័ន្ធអភិបាលកិច្ចសកលបាននិងកំពុងប្រឈម លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងទស្សនៈដ៏សំខាន់អំពីការបង្កើត សហគមន៍រួមវាសនារបស់មនុស្សជាតិ ទស្សនៈនេះជាការបន្តវេននៃគោលការណ៍៥ ប្រការផង ហើយកាន់តែជាការបំពេញបន្ថែម ការអភិវឌ្ឍនិងការលើកកម្ពស់ចំពោះគោលការណ៍៥ប្រការផងដែរ ដែលបានចង្អុលបង្ហាញពីទិសដៅសម្រាប់ការអភិវឌ្ឍរួម សន្តិសុខនិងស្ថិរភាពយូរអង្វែង ក៏ដូចជាការរៀនសូត្រអរិយធម៌គ្នាទៅវិញទៅមករបស់សង្គមមនុស្សជាតិផងដែរ ។
បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ថ្មី វិបត្តិអ៊ុយក្រែនបានកើតឡើងជាបន្តបន្ទាប់អូសបន្លាយដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានផ្ទុះឡើងម្ដងហើយម្ដងទៀត តំបន់ហ្កាហ្សាមានភាពខ្ទេចខ្ទាំនៅគ្រប់ទីកន្លែង ។ ដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន ប្រទេសធំមួយចំនួនខំប្រឹងធ្វើឯកតោនិយមនិងអំណាចផ្តាច់ការខាងនយោបាយ ហើយឃុបឃិតគ្នានិងបង្កើតជាក្រុមសម័្ពន្ធតូច បង្ករឿងហេតុនៅគ្រប់ទីកន្លែង ។ ក្នុងបរិបទបែបនេះ ពិភពលោកកាន់តែត្រួវបន្តវេននិងផ្សព្វផ្សាយគោលការណ៍៥ប្រការនៃការរួមរស់ដោយសនិ្តសហវិជ្ជមាន មានតែគោរពគោលការណ៍សមភាពអធិបតេយ្យភាពជាតិដោយពិតប្រាកដ នោះទើបមានមូលដ្ឋានសម្រាប់ឱ្យប្រទេសនានា ធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយក៏ទើបអាចផ្តល់ការធានាអះអាងដល់សន្តិភាពនិងវឌ្ឍនភាពសកលផងដែរ ។
សម្លឹងមើលទៅអនាគត ការផ្សព្វផ្សាយនិងអភិវឌ្ឍគោលការណ៍៥ប្រការមានសារសំខាន់ណាស់ក្នុងការបង្កើតសណ្តាប់ធ្នាប់ថ្មីលើវិស័យនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិ ហើយក៏នឹងរួមចំណែកកាន់តែធំក្នុងដំណើរបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ ។ គោលការណ៍៥ប្រការនឹងអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែង បំពេញបន្ថែមនូវអត្ថន័យយុគសម័យឱ្យមានភាពកាន់តែសម្បូរបែប ហើយនឹងបញ្ចេញកម្លាំងរស់វើកកាន់តែរឹងមាំនិងយូរអង្វែង ៕
ដោយ ៖ សិលា