ខេត្តកំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្ដេជ្ញាបន្តការពារអភិរក្សបឹងទន្លេសាបបន្តទៀត ដោយថា ការងារក្នុងការអភិរក្សបឹងទន្លេសាបនេះនឹងមិនឈប់នោះទេ។
សម្ដេចបានលើកឡើងថា ការងារក្នុងការអភិរក្សបឹងទន្លេសាបគឺនឹងនៅតែបន្តហើយក៏បានព្រមានទៅដល់អ្នកដែលមានបំណងក្នុងការទន្ទ្រានយកដីបឹងទន្លេសាបទៀតថានឹងត្រូវប្រឈមមុខទៅនឹងផ្លូវច្បាប់បើនៅរឹងទទឹងចង់បំពាន។
សម្ដេចលើកឡើងបែបនេះក្នុងទិវាមច្ឆជាតិលើកទី១៩ ដែលរៀបចំនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ បឹងទន្លេសាបគឺជាបឹងទឹកសាបធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយប្រជាជនកម្ពុជាបានហៅបឹងទន្លេសាបថា «ជាកូនសមុទ្រទឹកសាប»ដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ ហើយបឹងទន្លេសាបជាអាងស្ដុកទឹកធម្មជាតិនិងជាជម្រកមច្ឆជាតិដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។ នៅរដូវប្រាំងបឹងទន្លេសាបមានទំហំប្រហែល២៧ពាន់គីឡូម៉ែត្រការ៉េ និងមានជម្រៅប្រហែលពី១-២ម៉ែត្រ ប៉ុន្ដែនៅរដូវវស្សាវិញ ទឹកទន្លេមេគង្គបានចាក់ច្រាល់ឡើងតាមទន្លេសាបចូលមកបឹងទន្លេសាប ដែលធ្វើឲ្យបឹងនេះមានទំហំដល់ទៅ១៦ម៉ឺនគីឡូម៉ែត្រការ៉េ និងមានជម្រៅរហូតដល់៩ម៉ែត្រ។ ទាំងនេះជាទិន្នន័យត្រួសៗដែលយើងទាំងអស់គ្នាបានយល់ដឹងពីបឹងទន្លេសាបតែបឹងនេះនៅមានធនធានជលផលជាច្រើនសម្បើមបន្ថែមទៀត។
បឹងទន្លេសាបជាប្រភពត្រីទឹកសាបដ៏ធំជាងគេនៅលើពិភពលោក ហើយបានផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាជាច្រើនលាននាក់ដែលរស់នៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង ខេត្តបន្ទាយមានជ័យ ហើយក៏មានប្រជាជនកម្ពុជាយើងជាង១លាននាក់ដែលរស់នៅពឹងផ្អែកលើការនេសាទត្រីក្នុងបឹងទន្លេសាប សម្រាប់ជីវភាពរស់នៅរបស់ពួកគេ ពីព្រោះបឹងនេះបានផ្ដល់ត្រីទឹកសាបជាង៧៥%នៃផលិតផលត្រីទឹកសាបក្នុងប្រទេសកម្ពុជា។
រីឯវិស័យសេដ្ឋកិច្ចវិញបឹងទន្លេសាបក៏ជាប្រភពដ៏ធំមួយរបស់កម្ពុជាដោយបឹងនេះបានផ្ដល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងតិចបំផុតក៏ពាក់កណ្ដាលនៃផលិតផលនេសាទ (ប្រហែលជា២៣ម៉ឺន Metric-ton នៃផលិតផលត្រីក្នុងមួយឆ្នាំៗ)។ការពឹងផ្អែកនៃរបបនេសាទពីបឹងទន្លេសាបឲ្យបានគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃគឺជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់ជីវភាពរបស់ប្រជាជននិងជាជីពចរដ៏សំខាន់នៃសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនកម្ពុជាច្រើនលាននាក់ដែលរស់នៅជុំវិញបឹងទន្លេសាប។ ម៉្យាងវិញទៀត បឹងទន្លេសាបក៏ជាមជ្ឈមណ្ឌលនៃវប្បធម៌សេដ្ឋកិច្ចនិងបរិស្ថានរបស់ព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា