ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសមាគមសិល្បករខ្មែរជាដៃគូរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី។

ជាកិច្ចចាប់ផ្ដើមអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចធិបតីអំពីដំណើរការប្រព្រឹត្តទៅរបស់សមាគមសិល្បករខ្មែរបច្ចុប្បន្ន ក៏ដូចជាលទ្ធផលការងារសម្រេចបានជាច្រើន រួមមានការរៀបចំរចនាសម្ព័ន្ធដឹកនាំ ការរៀបចំក្រុមការងារគណៈកម្មការប្រតិបត្តិការររៀបចំផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ព្រមទាំងការបង្កើតឱ្យមានលក្ខន្តិកៈផ្ទៃក្នុង ព្រមទាំងការប្រមូលចងក្រងសមាជិករបស់សមាគម ក៏ដូចជាសកម្មភាពគាំពារដល់សិល្បករជាច្រើនទៀតក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ។

ជាការឆ្លើយតប សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់សមាគមសិល្បករខ្មែរ។ សម្ដេចចាត់ទុកថា ការរៀបចំឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់ ការរៀបចំធនធានមនុស្សផ្ទៃក្នុងបានត្រឹមត្រូវតាមរយៈការកំណត់តួនាទីភារកិច្ចច្បាស់លាស់ ពិតជាងាយស្រួលក្នុងការបំពេញការងារ ហើយក៏ជាការធានាបានស្ថិរភាព និរន្តរភាព និងភាពជោគជ័យរបស់ស្ថាប័នផងដែរ។ 

បន្ថែមលើអ្វីដែលសមាគមបាន និងកំពុងធ្វើ សម្ដេចធិបតីបានណែនាំដល់សមាគមធ្វើយ៉ាងណា ត្រូវដាក់ទិសដៅឱ្យបានច្បាស់ រួមទាំងវិធានការជាក់ស្ដែងតែម្ដង ព្រោះវិស័យសិល្បៈវប្បធម៌មានវិសាលភាពធំធេងណាស់ ដោយគ្រប់ដណ្ដប់លើមនុស្សគ្រប់គ្នា ដែលមានការពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ទោះបីពលរដ្ឋខ្លះមិនស្ថិតក្នុងវិស័យសិល្បៈវប្បធម៌ក៏ដោយ។ ក្នុងចំណោមអនុសាសន៍ណែនាំជាច្រើន សម្ដេចធិបតីបានណែនាំដល់សមាគមសិល្បករខ្មែរ ខិតខំប្រមូលចងក្រងសមាជិកជាសិល្បករ ដើម្បីបង្កើតជាកម្លាំងសំខាន់មួយក្នុងលើកស្ទួយវិស័យសិល្បៈវប្បធម៌។ 

សម្ដេចធិបតីបានស្នើឱ្យមានកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើសកម្មភាពរួមគ្នាលើការវបង្កើតព្រឹត្តិការ ឬកម្មវិធីនានាដែលមានការពាក់ព័ន្ធទៅនឹងសិល្បៈវប្បធម៌។ ដូចជាសមាគមនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម ជាដើម។ ជារួមសមាគមសិល្បករខ្មែរ គឺដៃគូរបស់រាជរដ្ឋាភិបាល ដូច្នេះបើរៀបចំព្រឹត្តិការនានា សូមជូនដំណឹងមកកាន់រាជរដ្ឋាភិបាល ដើម្បីសហការគ្នាទៅវិញទៅមក។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទោះបីជាតួអង្គជាសមាគមពិតមែន តែសម្ដេចបានស្នើដល់សមាគមត្រូវគិតថា ការងាររបស់សមាគម គឺមិនមែនតែចំពោះសិល្បករនោះទេ តែពាក់ព័ន្ធទៅនឹងព្រលឹងជាតិទាំងមូល និងវិស័យសិល្បៈទាំងមូល។ ដូច្នេះការថែរក្សា ការអភិវឌ្ឍ សមាគមជាអ្នកអនុវត្តផ្ទាល់ ហើយគឺជាដៃគូសំខាន់ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល តាមរយៈការបង្កើតព្រឹត្តិការ ការចងក្រងសមាជិក ជាមួយនឹងការផ្សព្វផ្សាយផ្សេងៗជាដើម។

ក្រៅពីនេះ សម្ដេចធិបតីបានស្នើមកកាន់សមាគមសូមចូលរួមយកចិត្តទុកដាក់ចំពោះសិល្បករ ជាពិសេសសិល្បករចាស់ជរាទាំងសុខភាព ជីវភាពដែលអាចធ្វើទៅបាន។ ហើយអ្វីដែលសំខាន់ គឺសមត្ថភាព ចំណេះជំនាញរបស់ពួកគាត់ ធ្វើយ៉ាងណាបង្កលក្ខណៈដល់ពួកគាត់ បានចូលរួមជួយពង្រឹងសិល្បៈជាតិរបស់យើងទៅតាមអ្វីដែលអាចធ្វើទៅបានកុំឱ្យមានការបាត់បង់។ សម្ដេចបានណែនាំដល់សមាគមធ្វើការសហការល្អជាមួយក្រសួងស្ថាប័ននានារបស់រដ្ឋដើម្បីកិច្ចការងារនេះ។ 

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានបង្ហាញនូវភាពរីករាយទទួលយកនូវអនុសាសន៍ណែនាំដ៏ខ្ពង់សខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងប្ដេជ្ញាខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងជំនួបនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរស្នើសុំការឯកភាពពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីលើសំណើររបស់សមាគមមួយចំនួនផងដែររួមមាន៖ ទី១. ស្នើសុំការអនុគ្រោះពន្ធផលិតផលភាពយន្តរបស់ផលិតករ, និងទី២. ស្នើសុំអាហាររូបករណ៍មួយចំនួនទុកផ្ដល់ជូនដល់កូនចៅសិល្បករខ្មែរ ដែលខ្វះលទ្ធភាពសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ។

តបតាមសំណើរខាងលើ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានឯកភាព និងបានស្នើដល់សមាគមសិល្បករខ្មែឬពិភាក្សាជាមួយសាមីអង្គភាពដែលទទួលខុសលើកិច្ចការងារទាំងនេះបន្ថែមទៀត៕

ដោយ ៖ សិលា


ចែករំលែក៖