ព័ត៌មានទាន់ហេតុការណ៍៖

សាខា ក.ប.ប. ខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅផ្សារដងទង់

ចែករំលែក៖

ខេត្ត​កោះកុង៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែកក្កដា​​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​៖ មន្រ្តីជំនាញ ក.ប.ប. បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងការត្រួតពិនិត្យម្ហូបអាហារនៅលើទីផ្សារ​ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋជាមួយនឺងយន្តការអប់រំណែនាំ។

ជាក់ស្ដែង​មន្ត្រីផ្នែកស៊ើបអង្កេត និងជាមន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រា្កបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ​ កាលពីម្សិលមិញនេះ​ បានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើទំនិញដែលជាគ្រឿងឧបភោគបរិភោគ ជាពិសេសគ្រឿងសមុទ្រនៅផ្សារដងទង់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមរយៈបេសកកម្មនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ផ្សេងៗលើសំណាកគំរូ ដូចខាងក្រោម៖
១. មឹកពីងពាងស្រស់ ១គំរូ
២. បង្គាស្រស់ ១គំរូ
៣. ក្តាមសេះ ១គំរូ
៤. ខ្យងត្រដិត ១ គំរូ
៥. ត្រីកាម៉ុង ១ គំរូ
៦. មឹក ១គំរូ
៧. ខ្យងដែកគោល ១គំរូ
៨. ប្រកាំង ១គំរូ
៩. សណ្តែកគួរ ១ គំរូ
១០. សណ្តែកបណ្តុះ ១គំរូ
១១. ខ្ញីហាន់រួច ១គំរូ
១២. សរសៃគុយទាវ ១គំរូ
១៣. សរសៃនំបញ្ចុក ១គំរូ
ជាលទ្ធផល សំណាកគំរូទាំង១៣ ខាងលើពុំមានផ្ទុកសារធាតុគីមីហាមឃាត់ណាមួយនោះទេ។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានបន្តអប់រំណែនាំដល់អាជីវករ ធ្វើយ៉ាងប្រកបអាជីវកម្មឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍អនាម័យ ច្បាប់ និងបទប្បបញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារជាធរមាន៕ដោយ​៖តារា​


ចែករំលែក៖