ភ្នំពេញ ៖ វត្ថុបុរាណ ខ្មែរចំនួន ១៤រូប បានបញ្ជូន ពីសហរដ្ឋអាមេរិក មកដល់ សារ មន្ទីរជាតិកម្ពុជា នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ
សូមបញ្ជាក់ថា ៖ វត្ថុបុរាណ ខ្មែរចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (ME) នៅសហរដ្ឋអាមេរិក មកដល់ សារ មន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការ ប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។
ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងថា ៖ ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់កម្ពុជា ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) និងតំណាងសារមន្ទីរ MET។
សូមរម្លឹកអំពី ប្រវត្តិខ្លះរបស់”សារមន្ទីរជាតិ”ផងដែរ ។
សារមន្ទីរគឺជាកន្លែងរក្សាទុក វត្ថុបុរាណ រូបសំណាក ក៏ដូចជា ភស្តុតាងប្រវត្តិសាស្ត្រ ឬបុរេប្រវត្តិសាស្ត្រ ផ្សេងៗ របស់ប្រទេស នីមួយៗ ។ដោយឡែកប្រទេសកម្ពុជាក៏មានសារមន្ទីរមួយដែល ធំជាងគេនោះគឺ”សារមន្ទីរជាតិ” ។
សារមន្ទីរជាតិត្រូវបានកសាងឡើងនៅថ្ងៃ ១៥ សីហា ១៩១៧ នាសម័យអាណានិគមនិយមបារាំង ហើយត្រូវបានសម្ពោធនៅ ថ្ងៃ១៣ ខែមេសា ឆ្នាំ១៩២០ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា។
សារមន្ទីរនេះសាងសង់តាមរបៀបស្ថាបត្យកម្មប្រពៃណីខ្មែរ ដែលត្រូវបានគូសប្លង់ដោយលោក ហ្គកហ្វ្រីសលីយេ( George Groslier) ចំណែកសមូហកម្មនៃក្បាច់ចម្លាក់របស់ វិមាន សុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខ្មែរ។ កាលដំបូងឡើយសារមន្ទីរនេះជាអតីតអគារវិទ្យាល័យ ព្រះស៊ីសុវត្ថិ មានឈ្មោះថា”សារមន្ទីរ ភ្នំពេញ”។ក្រោយការសង់សង់ជាសារមន្ទីរជាតិរួចរាល់គេក៏បានដាក់ឈ្មោះថា”សារមន្ទីរ ក្រុងកម្ពុជាធិបតី”ក្រោយមកដើម្បីលើកតម្កើងកិត្តិយស ទេសាភិបាលបារាំង ឈ្មោះអាល់ប៊ែរ សារូត (Albert Sarraut)ក៏ប្តូរឈ្មោះជាសារមន្ទីរ “អាល់ប៊ែរសារូត” ។ រហូតដល់ឆ្នាំ១៩៩៧ បានប្តូរឈ្មោះជា”សារមន្ទីរជាតិនៃកម្ពុជា” ។ លុះដល់ឆ្នាំ១៩៩៧ បានប្តូរឈ្មោះជា”សារមន្ទីរវត្ថុបុរាណ” ។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវ ជាអភិរក្សសារមន្ទីរត្រូវ បានប្រែឈ្មោះជា”សារមន្ទីរជាតិនៃកម្ពុជា”រហូតដល់សព្វថ្ងៃ ៕
ដោយ ៖ សិលា