សារព័ត៌មាន Reuters បានផ្សាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា បាននិយាយថា លោកជឿជាក់ចំពោះបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានភាពស្មោះត្រង់អំពីចេតនាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែលោកផ្ទាល់មិនដឹងថា តើលោក ត្រាំ មានគម្រោងបញ្ចប់សង្រ្គាមនេះដោយរបៀបណានោះទេ ក្នុងករណីជាប់ឆ្នោតជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកសាជាថ្មី។
លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះ នៅឯសន្និសីទសារព័ត៌មានមួយក្នុងប្រទេសកាហ្សាក់ស្ថាន និងជាការឆ្លើយតបទៅនឹងសំណួរដែលសួរថា តើលោកយល់យ៉ាងណាចំពោះការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ដែលថារូបលោកនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនភ្លាមៗ ប្រសិនបើទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។
លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាយកចិត្តទុកដាក់ចំពោះការណ៍ដែលលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីម្នាក់បានប្រកាសថាលោកត្រៀមលក្ខណៈជាស្រេចដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន… ជាការណ៍ពិតណាស់ ខ្ញុំក៏មិនដឹងនោះដែរថាតើគាត់ (លោក ត្រាំ) មានផែនការយ៉ាងដូចម្ដេចដើម្បីបញ្ចប់សង្រ្គាមនេះ។ ក៏ប៉ុន្តែ ខ្ញុំគ្មានអ្វីត្រូវសង្ស័យទេ នោះគឺគាត់បានលើកឡើងពីរឿងនេះដោយស្មោះត្រង់ ហើយយើងគាំទ្រគំនិតបញ្ចប់សង្រ្គាម»។
កាលពីខែមេសាកន្លងទៅ កាសែតអាមេរិក Washington Post បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បាននិយាយជាលក្ខណៈឯកជនអំពីជម្រើសអនុញ្ញាតឱ្យលោក ពូទីន បន្តគ្រប់គ្រងតំបន់គ្រីមៀ និងទឹកដីនៃតំបន់ដុនបាសដែលកងកម្លាំងរុស្ស៉ីកំពុងកាន់កាប់មួយផ្នែក ជាថ្នូរដូរយកសន្តិភាពបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ប៉ុន្តែលោក ត្រាំ រួមទាំងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកមិនបានទទួលស្គាល់សេចក្ដីរាយការណ៍នេះនោះទេ៕
ដោយ៖ ធីរីណា(រូបថត៖ baomoi)